មន្ត្រីសេតវិមានមួយរូបបាននិយាយថា សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រមូលពន្ធនាំចូលសកលថ្មីបណ្តោះអាសន្នចំនួន១០%កាលពីថ្ងៃអង្គារ២៤កុម្ភៈសប្ដាហ៍នេះ ប៉ុន្តែរដ្ឋបាលលោក Trump កំពុងប្រឹងប្រែងដើម្បីបង្កើនឲ្យដល់១៥% ដែលបង្កភាពច្របូកច្របល់ជុំវិញគោលនយោបាយពន្ធរបស់ប្រធានាធិបតី Donald Trump បន្ទាប់ពីការបរាជ័យនៅតុលាការកំពូលកាលពីសប្តាហ៍មុន។

ដំបូងឡើយ លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃសុក្រ២០កុម្ភៈសម្រាប់ពន្ធ១០% ដែលមានរយៈពេល១៥០ថ្ងៃដើម្បីជំនួសពន្ធទូលំទូលាយក្រោមច្បាប់គ្រាអាសន្នដែលត្រូវបានលុបចោលដោយតុលាការកំពូល ប៉ុន្តែកាលពីថ្ងៃសៅរ៍២១កុម្ភៈសប្ដាហ៍មុននោះដែរ លោកបាននិយាយថា លោកនឹងបង្កើនអត្រាពន្ធដល់១៥%។
កាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ មុនពេលចាប់ផ្តើមប្រមូលពន្ធនៅពាក់កណ្តាលអធ្រាត្រ ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) បានជូនដំណឹងដល់ក្រុមហ៊ុនដឹកជញ្ជូនថា អត្រាពន្ធនេះនឹងមាន១០%។
មន្ត្រីសេតវិមានបានប្រាប់សារព័ត៌មាន Reuters ថា លោក Trump ពុំមានការផ្លាស់ប្តូរចិត្តទេ ក្នុងបំណងប្រាថ្នារបស់លោកចំពោះការដំឡើងពន្ធដល់១៥% ក្រោមមាត្រា១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាសម្រាប់ការដំឡើងពន្ធនោះទេ។
គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Trump មិនទាន់បានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីជាផ្លូវការសម្រាប់ការបង្កើនពន្ធដល់១៥% នៅឡើយទេ ហើយ CBP អាចធ្វើសកម្មភាពតែលើក្រឹត្យ និងសេចក្តីប្រកាសរបស់ប្រធានាធិបតីដែលបានចេញផ្សាយប៉ុណ្ណោះ៕

