អត្តពលិកជាតិ-អន្ដរជាតិ ទាំងកម្រិតជំនាញ និងមហាជនជិត ៤០ប្រទេសហើយ ដែលចុះឈ្មោះរួចរាល់ ត្រៀមចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការឲ្យដឹងពីលោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកថា មកទល់ពេលនេះ មានអត្តពលិកជាតិ និងអន្ដរជាតិប្រមាណ ២ពាន់នាក់ មកពី ៣៩ប្រទេស ដែលបានចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នាចុងខែមីនាខាងមុខ នៅតំបន់ឆ្នេរអូឈើទាល ស្របពេលគណៈកម្មការរៀបចំ គ្រោងនឹងពង្រីកតម្រាយផ្លូវរត់តាមឆ្នេរបន្ថែមទៀត ដើម្បីឲ្យអ្នកចូលរួមកាន់តែមានអារម្មណ៍ស្រស់ស្រាយ ជាមួយបរិយាកាសដ៏ស្រស់បំព្រង ជាមួយការរត់តាមឆ្នេរស្អាតពិភពលោកនេះ។
យ៉ាងណាមិញទម្រាំដល់ថ្ងៃព្រឹត្តិការណ៍មកដល់ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងអ្នកទាក់ទាញអ្នកចូលរួមកើនដល់ ៣ពាន់នាក់ ឬលើសនេះ ដ្បិតជាទម្លាប់ ពេលកៀកថ្ងៃរត់ ទើបមានការសម្រុះឈ្មោះច្រើន ពិសេសប្រជាពលរដ្ឋខ្មែរ។ អាស្រ័យហេតុនេះ លោកបានសំណូមពរដល់អត្តពលិកទាំងអស់ រុះរាន់ចុះឈ្មោះឲ្យបានលឿន ដើម្បីងាយស្រួលដល់គណៈកម្មការ ក្នុងការរៀបចំសម្ភារជូន ក៏ដូចជាជួយសម្រួលដល់ការងាររៀបចំមួយចំនួនផងដែរ។
ទន្ទឹមជាមួយគ្នា លោក សែម ផល្លា ក៏បានជូនដំណឹងដល់អ្នកចូលរួមទាំងផងដែរថា ឆ្នាំនេះ គណៈកម្មការរៀបចំនឹងរៀបចំផ្លូវរត់តាមឆ្នេរសមុទ្រកាន់តែវែងជាងមុន ក្នុងគោលបំណងសម្រួលដល់បញ្ហាចរាចរណ៍ ដោយប្ដូរគោលដៅរត់កាត់ក្រុង មករត់ច្រើនតាមបណ្ដោយឆ្នេរ។ ម្យ៉ាងការបន្លាយផ្លូវរត់តាមឆ្នេរនេះ ក៏ជាការលើកកម្ពស់ការផ្សព្វផ្សាយពីតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ព្រមទាំងធ្វើឲ្យអត្តពលិក កាន់តែរីករាយជាមួយទេសភាព និងបរិយាកាសសមុទ្រធម្មជាតិដ៏វែងនេះផងដែរ។
គួរដឹងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំលើកដំបូង នៅឆ្នាំ២០១២ ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមានការគាំទ្រពីអាជ្ញាធរខេត្ត ដើម្បីលើកកម្ពស់ការការពារបរិស្ថាន ផ្សារភ្ជាប់ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍។ លើសពីនេះ រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះ ក៏តែងផ្សារភ្ជាប់ជាមួយសកម្មភាពសប្បុរសធម៌ តាមរយៈការបរិច្ចាគជួយដល់កុមារក្រីក្រ មន្ទីរពេទ្យ អង្គការដៃគូ និងជនរងគ្រោះដោយសារគ្រាប់មីនជាដើម៕ អត្ថបទ លី ឈុនឡា


