យោងតាមប្រភពចំនួន៦ ដែលដឹងពីការពិភាក្សានេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ៊ីរ៉ង់ ជិតឈានដល់កិច្ចព្រមព្រៀងមួយជាមួយចិនហើយ ដើម្បីទិញមីស៊ីលតម្រង់គោលដៅប្រឆាំងនាវាចម្បាំង ខណៈពេលដែលសហរដ្ឋអាមេរិក បានដាក់ពង្រាយកងកម្លាំងជើងទឹកដ៏ធំសម្បើមនៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់ មុនពេលលទ្ធភាពនៃការវាយប្រហារណាមួយលើសាធារណរដ្ឋអ៊ិស្លាមមួយនេះ។

ប្រភពដដែលបាននិយាយថា កិច្ចព្រមព្រៀងសម្រាប់មីស៊ីល CM‑302 ដែលផលិតនៅប្រទេសចិន ជិតបញ្ចប់ចុងក្រោយហើយ ទោះបីជាមិនទាន់មានការព្រមព្រៀងគ្នាអំពីកាលបរិច្ឆេទដឹកជញ្ជូនក៏ដោយ។ គួរឱ្យដឹងថា មីស៊ីលល្បឿនលឿនជាងសំឡេងទាំងនេះមានចម្ងាយប្រហែល ២៩០ គីឡូម៉ែត្រ ហើយត្រូវបានរចនាឡើងដើម្បីគេចពីប្រព័ន្ធការពាររបស់នាវា ដោយហោះហើរក្នុងកម្ពស់ទាប និងល្បឿនលឿន។ អ្នកជំនាញអាវុធពីររូបបាននិយាយថា ការដាក់ពង្រាយរបស់មីស៊ីលទាំងនោះនឹងបង្កើនសមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់យ៉ាងខ្លាំង និងបង្កការគំរាមកំហែងដល់កងកម្លាំងជើងទឹកអាមេរិកនៅក្នុងតំបន់។

ការចរចាជាមួយប្រទេសចិនដើម្បីទិញប្រព័ន្ធអាវុធមីស៊ីលនោះ ដែលបានចាប់ផ្តើមយ៉ាងហោចកាលពីពីរឆ្នាំមុនមកម៉្លេះ បានបង្កើនល្បឿនយ៉ាងខ្លាំងបន្ទាប់ពីសង្គ្រាមរយៈពេល ១២ ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក្នុងខែមិថុនាកន្លងទៅ នេះបើយោងតាមប្រភពជាច្រើនដែលត្រូវបានរដ្ឋាភិបាលអ៊ីរ៉ង់ជូនដំណឹង ក៏ដូចជាមន្ត្រីសន្តិសុខ ៣នាក់ផងដែរ។

យោងតាមមន្ត្រីសន្តិសុខទាំងនោះបានឱ្យដឹងថា នៅពេលដែលកិច្ចចរចាបានចូលដល់ដំណាក់កាលចុងក្រោយកាលពីរដូវក្តៅឆ្នាំមុន ក្រុមមន្ត្រីយោធាជាន់ខ្ពស់ និងរដ្ឋាភិបាលអ៊ីរ៉ង់ បានធ្វើដំណើរទៅកាន់ប្រទេសចិន រួមទាំងលោក Massoud Oraei អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ផងដែរ។ ទាក់ទងនឹងរឿងនេះ ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីអធិប្បាយមួយថា ខ្លួនមិនបានដឹងអំពីកិច្ចចរចាអំពីលទ្ធភាពនៃការលក់មីស៊ីល ដូចដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍នោះទេ៕