មន្ត្រីបាននិយាយកាលពីថ្ងៃអង្គារ ទី២៤ ខែកុម្ភៈថា ទឹកជំនន់ធ្ងន់ធ្ងរនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៣នាក់ស្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងរដ្ឋ Minas Gerais។ មន្ត្រីឧតុនិយមបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងកើតមាននៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមកាលពីថ្ងៃចន្ទក្នុងទីក្រុង Juiz de Fora និងទីក្រុង Uba មានចម្ងាយប្រហែល៣១០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Rio de Janeiro ដោយបង្ខំឱ្យប្រជាជនប្រមាណ៤៤០ នាក់ជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។

អង្គភាពពន្លត់អគ្គិភ័យរបស់រដ្ឋ Minas Gerais និយាយថា មន្ត្រីអង្គភាពកំពុងស្វែងរកមនុស្សប្រហែល៤៥ នាក់ដែលបានបាត់ខ្លួនចាប់តាំងពីល្ងាចថ្ងៃចន្ទ។ វីដេអូមួយដែលបានចែករំលែកដោយអង្គភាពពន្លត់អគ្គិភ័យ បានបង្ហាញពីផ្លូវលិចទឹកនៅទីក្រុង Juiz de Fora និងទីក្រុង Uba ។ មន្ត្រីបានព្រមានដល់ប្រជាជនឱ្យនៅឆ្ងាយពីតំបន់ដែលអាចងាយនឹងមានបំណាក់ដី។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់លោកថា កងកម្លាំងសន្តិសុខកំពុងធ្វើការជួយសង្គ្រោះ និងផ្តល់ជំនួយបន្ទាន់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀង។ វិទ្យាស្ថានឧតុនិយម Inmet របស់ប្រទេសប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភ្លៀងធ្លាក់បន្ថែមទៀតត្រូវបានព្យាករសម្រាប់តំបន់ដែលស្ថិតនៅជិតប្រជុំភ្នំ ជ្រលងភ្នំ និងជម្រាលភ្នំ។ សាលាក្រុង Juiz de Fora បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទីក្រុងបានជួបប្រទះភ្លៀងធ្លាក់ទ្វេដងនៃការរំពឹងទុកសម្រាប់ខែកុម្ភៈនេះ។