លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ២៥ កុម្ភៈសប្ដាហ៍នេះថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងច្រើនជាងសហរដ្ឋអាមេរិក មុនពេលការចរចាជុំមួយទៀតជាមួយទីក្រុងតេអេរ៉ង់ និងស្របពេលអាមេរិកកំពុងបង្កើនកងកម្លាំងនៅមជ្ឈិមបូព៌ា។

លោក Joe Kernen អ្នកសារព័ត៌មាន CNBC បានរាយការណ៍ថា លោក Trump បានថ្លែងនៅកិច្ចប្រជុំមួយប៉ុន្មានម៉ោងមុនពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ថា ការបដិសេធរបស់ទីក្រុងតេអេរ៉ង់ក្នុងការប្តេជ្ញាចិត្តមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរនៅតែជាចំណុចខ្ទាស់ដ៏សំខាន់ដែលរារាំងកិច្ចព្រមព្រៀង។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវគេរំពឹងថានឹងធ្វើកិច្ចចរចានៅថ្ងៃព្រហស្បតិ៍២៦កុម្ភៈសប្ដាហ៍នេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានប្រាប់កម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថា លោកនៅតែកំពុងធ្វើការលើសំណើនេះ ហើយថ្នាក់ដឹកនាំនយោបាយនៅទីក្រុងតេអេរ៉ង់មិនទាន់ចុះហត្ថលេខាលើសំណើនេះនៅឡើយទេ។លោកបាននិយាយថា សំណើនេះនឹងមានធាតុផ្សំដែលសម្របសម្រួលក្ដីកង្វល់ និងផលប្រយោជន៍ របស់ភាគីទាំងពីរ។
ការចរចាជុំមុនៗបានបរាជ័យក្នុងការសម្រេចបាននូវវឌ្ឍនភាពដ៏មានអត្ថន័យ ហើយភាពតានតឹងនៅតែបន្តកើនឡើងខ្ពស់ ដោយលោក Trump គំរាមវាយប្រហារតាមអាកាសមានកំណត់លើអ៊ីរ៉ង់៕

