ខ្សែប្រយុទ្ធន័រវេស Alexander Sorloth រកបានបីគ្រាប់ម្នាក់ឯង Hat-Trick ជាលើកដំបូងនៅ Champions League ជួយឱ្យ Atletico Madrid យកឈ្នះ Club Bruges ៤-១ ឡើងវគ្គ ១៦ ក្រុមចុងក្រោយ។
បន្ទាប់ពីស្មើនៅទឹកដីប៊ែលហ្ស៊ិក ៣-៣ នៅជើងទីមួយ កីឡាករន័រវេស Alexander Sorloth រកបានគ្រាប់នាំមុខ នៅនាទីទី ២៣ មុនពេលដែល Club Bruges ធ្វើឱ្យការប្រកួតតានតឹងវិញក្រោយ Joel Ordonez តាមស្មើ ១៣ នាទីបន្ទាប់។
ចប់វគ្គទីមួយដោយក្រុមទាំងពីរស្មើគ្នា ១-១ សរុបទាំងពីរជើង ៤-៤ ការប្រកួតចាប់ផ្តើមប្រែប្រួលនៅវគ្គទីពីរបន្ទាប់ពីខ្សែប្រយុទ្ធអាមេរិក Johnny Cardoso រកបានគ្រាប់នាំមុខជាថ្មីឱ្យ Atletico Madrid នៅនាទីទី ៤៨។
១៤ នាទីចុងក្រោយនៃការប្រកួត Alexander Sorloth រកបានពីរគ្រាប់ផ្ទួនៗនៅនាទីទី ៧៦ និងនាទីទី ៨៧។
ចប់ការប្រកួតក្រុមរបស់លោក Diego Simeone យកឈ្នះ Club Bruges ៤-១ និងសរុបទាំងពីរជើង ៧-៤។
ជុំបន្តវគ្គ ១៦ ក្រុមចុងក្រោយ Atletico Madrid ត្រូវជួបជាមួយ Spurs រឺ Liverpool។
ចំណែកការប្រកួតមួយគូចុងក្រោយ Leverkusen និង Olympiakos បញ្ចប់ដោយលទ្ធផល ០-០ មានន័យថាក្រុមអាល្លឺម៉ង់ឡើងវគ្គ ១៦ ក្រុមតាមរយៈជ័យជំនះ ២-០ នៅទឹកដីក្រិក និងបន្តជួបជាមួយ Arsenal រឺ Bayern Munich៕
អត្ថបទ៖នាង សុភាវុធ

