រដ្ឋមន្ត្រីការបរទេសលីបង់ លោក Youssef Rajji កាលពីថ្ងៃអង្គារ២៤កុម្ភៈ បានជំរុញក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់កុំឱ្យចូលរួមពាក់ព័ន្ធក្នុងការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយសម្តែងការព្រួយបារម្ភអំពីជម្លោះថ្មីដែលអាចកើតមានជាមួយអ៊ីស្រាអែល។
ការជំរុញនេះ មានឡើង ក្រោយអ៊ីស្រាអែល ព្រមាន ថា ខ្លួននឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីលនិងអាកាសយានដ្ឋានរបស់លីបង់ ប្រសិនបើក្រុមហេសបូឡាចូលពាក់ព័ន្ធ។

លោក Rajji បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា មន្ត្រីលីបង់ត្រូវបានព្រមានថា ក្នុងករណីមានសង្គ្រាមអ៊ីស្រាអែល-ហេសបូឡាមួយផ្សេងទៀត អ៊ីស្រាអែលនឹងវាយប្រហារកាន់តែខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទូទាំងប្រទេសលីបង់ជាងការប្រយុទ្ធគ្នាជុំមុនទៅទៀត។
ការអំពាវនាវនេះកើតឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងថា សហរដ្ឋអាមេរិកអាចនឹងវាយប្រហារថ្មីប្រឆាំងនឹងអ៊ីរ៉ង់។ អ៊ីរ៉ង់បានធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ខណៈនាវាផ្ទុកយន្តហោះទីពីររបស់សហរដ្ឋអាមេរិកបានរំកិលជិតដល់មជ្ឈិមបូព៌ា។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបង្ហាញសញ្ញាថា ពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ប្រសិនបើការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់បរាជ័យ។
លោក Rajji បាននិយាយថា អាជ្ញាធរលីបង់បានអំពាវនាវដល់ក្រុមហេសបូឡា ដែលបានប្រយុទ្ធជាច្រើនលើកជាមួយអ៊ីស្រាអែល ថ្មីៗនេះក្នុងឆ្នាំ ២០២៤ កុំឱ្យឆ្លើយតបតាមមធ្យោបាយណាមួយដែលអាចបង្កឱ្យមាន "ស្ថានភាពអាក្រក់" សម្រាប់ជនស៊ីវិលលីបង់៕
