ក្រុមសារិកាព្រៃ Newcastle បានបន្តដំណើរឡើងវគ្គ ១៦ ក្រុមចុងក្រោយដោយរលូនតាមរយៈជ័យជំនះជើងទីពីរ ក្នុងទឹកដីរបស់ខ្លួន ៣-២ លើ Qarabag និងសរុបទាំងពីរជើង ៩-៣។
ក្រុមរបស់លោក Eddie Howe បានកាន់ ៥ គ្រាប់ចំនេញពីការប្រកួតជើងទីមួយនៅទឹកដីអាស៊ែបៃសង់សប្តាហ៍មុន ខណៈជើងទីពីរនេះគេឃើញមានការផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូងមួយចំនួន។
Anthony Gordon ដែលរកបានបួនគ្រាប់តែឯងកាលពីជើងទីមួយ ត្រូវបានទុកឱ្យសម្រាកនៅកៅអីបម្រុង។
Sandro Tonali និង Joelinton រកបានគ្រាប់នាំមុខឱ្យ Newcastle តាំងពីដើមទីនៅនាទីទី ៤ និងទី ៦។
វគ្គទីពីរក្រុមភ្ញៀវ Qarabag ក៏តបបានមួយគ្រាប់វិញដោយ Camilo Duran នៅនាទីទី ៥០ មុនពេលដែលខ្សែការពារ Sven Botmon ពន្លាតការនាំមុខមកពីរគ្រាប់វិញពីរនាទីបន្ទាប់។
Elvin Cafarguliyev រកបានគ្រាប់ចុងក្រោយសម្រាប់ Qarabag ខណៈការប្រកួតបញ្ចប់ដោយ Newcastle យកឈ្នះ ៣-២។
វគ្គ ១៦ ក្រុមចុងក្រោយ Newcastle នឹងត្រូវជួបជាមួយ Barcelona រឺ Chelsea ខណៈការចាប់ឆ្នោតត្រូវធ្វើឡើងនៅថ្ងៃសុក្រ៕ អត្ថបទ៖នាង សុភាវុធ



