អ៊ីរ៉ង់ បានផ្តល់ការព្រមានកាលពីថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ សម្រាប់និស្សិតដែលបានធ្វើការប្រមូលផ្តុំគ្នាប្រឆាំងរដ្ឋាភិបាល ដោយមេដឹកនាំរបស់ប្រទេសនេះស្ថិតនៅក្រោមសម្ពាធបន្ទាប់ពីចលនាតវ៉ាទ្រង់ទ្រាយធំកាលពីពេលថ្មីៗនេះ និងការគំរាមកំហែងនៃសកម្មភាពយោធារបស់សហរដ្ឋអាមេរិកជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

និស្សិតសាកលវិទ្យាល័យ បានចាប់ផ្តើមឆមាសថ្មីមួយកាលពីចុងសប្តាហ៍ដោយមានការជួបជុំគ្នាដែលពួកគេបានធ្វើឲ្យកើតមានឡើងវិញនូវពាក្យស្លោកពីការតវ៉ានៅទូទាំងប្រទេសប្រឆាំងមេដឹកនាំសាសនារបស់ប្រទេសដែលបានឈានដល់កម្រិតខ្ពស់កាលពីក្នុងខែមករា ហើយត្រូវបានជួបប្រទះដោយការបង្ក្រាបដ៏បង្ហូរឈាម។ កាលពីថ្ងៃអង្គារ ជាថ្ងៃទីបួនជាប់ៗគ្នានៃការតវ៉ានៅក្នុងបរិវេណសាកលវិទ្យាល័យ ដោយវីដេអូជាច្រើនត្រូវបានបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន AFP បង្ហាញមនុស្ស២ក្រុម កំពុងប្រឈមមុខដាក់គ្នានៅក្នុងសាលធំមួយនៅសាកលវិទ្យាល័យតេអេរ៉ង់ មួយក្រុមគ្រវីទង់ជាតិអ៊ីរ៉ង់ និងមួយក្រុមទៀតស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល មុនពេលការប៉ះទង្គិចគ្នាផ្ទុះឡើង។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី Fatemeh Mohajerani ដែលបានប្រតិកម្មជាផ្លូវការលើកដំបូងចំពោះការប្រមូលផ្តុំគ្នា បាននិយាយកាលពីថ្ងៃអង្គារថា ខណៈនិស្សិតមានសិទ្ធិតវ៉ា ពួកគេត្រូវតែ «យល់ពីបន្ទាត់ក្រហម»។ លោកស្រីបាននិយាយបន្ថែមថា ទង់ជាតិគឺជា «បន្ទាត់ក្រហមមួយក្នុងចំណោមខ្សែបន្ទាត់ក្រហមទាំងឡាយដែលយើងត្រូវតែការពារ ហើយមិនត្រូវឆ្លងកាត់ ឬងាកចេញឡើយ ទោះបីនៅពេលមានកំហឹងខ្លាំងក៏ដោយ»។ លោកស្រីបាននិយាយថា និស្សិតអ៊ីរ៉ង់ «មានរបួសនៅក្នុងចិត្តរបស់ពួកគេ ហើយបានមើលឃើញហេតុការណ៍ដែលអាចធ្វើឱ្យពួកគេមានកំហឹង»។ រលកដំបូងនៃការតវ៉ាបានចាប់ផ្តើមកាលពីក្នុងខែធ្នូ បង្កឡើងដោយបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសដែលរងទណ្ឌកម្ម ប៉ុន្តែមិនយូរប៉ុន្មានបានក្លាយទៅជាបាតុកម្មនៅទូទាំងប្រទេស ដែលបានបញ្ចប់ទៅនៅថ្ងៃទី៨ និងទី៩ ខែមករា ដែលបង្កបញ្ហាប្រឈមធំបំផុតមួយសម្រាប់មេដឹកនាំអ៊ីរ៉ង់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ភាពវឹកវរនេះបានជំរុញឱ្យមានការបង្ក្រាបដោយហិង្សារបស់រដ្ឋាភិបាល ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់។