សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងផ្តល់សេវាលិខិតឆ្លងដែនដោយផ្ទាល់នៅក្នុងតំបន់តាំងលំនៅឋានខុសច្បាប់របស់អ៊ីស្រាអែលក្នុងតំបន់កាន់កាប់ West Bank ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងយេរូសាឡឹមបាននិយាយថា ខ្លួននឹងចាប់ផ្តើមផ្តល់សេវាសម្រាប់តំបន់តាំងលំនៅឋានរបស់អ៊ីស្រាអែល មានទីតាំងនៅចន្លោះក្រុង Bethlehem និងក្រុង Hebron របស់ប៉ាឡេស្ទីន នៅថ្ងៃទី២៧ ខែកុម្ភៈ។

យោងតាមអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា វានឹងជាលើកដំបូងដែលសហរដ្ឋអាមេរិកបានផ្តល់សេវាកុងស៊ុលដល់ទីតាំងលំនៅឋានក្នុងតំបន់ West Bank។ ស្ថានទូតបាននិយាយថា ខ្លួនមានផែនការផ្តល់សេវាស្រដៀងគ្នានៅនឹងកន្លែងនៅក្នុងក្រុងRamallahរបស់ប៉ាឡេស្ទីន ទីតាំងលំនៅឋានខុសច្បាប់របស់អ៊ីស្រាអែលBeitar Illit នៅជិតក្រុង Bethlehem និងនៅទីក្រុងនានាក្នុងប្រទេសអ៊ីស្រាអែល ដូចជាទីក្រុង Haifaជាដើម។

បច្ចុប្បន្នសហរដ្ឋអាមេរិក ផ្តល់សេវាលិខិតឆ្លងដែន និងកុងស៊ុលនៅស្ថានទូតរបស់ខ្លួននៅយេរូសាឡឹមខាងលិច(West Jerusalem) ព្រមទាំងនៅការិយាល័យសាខាទីក្រុង Tel Aviv។ ការតាំងលំនៅឋានរបស់អ៊ីស្រាអែលក្នុងតំបន់កាន់កាប់ West Bank ដែលជាទីស្នាក់អាស្រ័យរបស់ប្រជាជនប៉ាឡេស្ទីនចំនួន៣លាននាក់ដែលព្យាយាមបង្កើតដែនដីនេះជាផ្នែកមួយនៃរដ្ឋនៅពេលអនាគត គឺខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណា អ្នកនយោបាយអ៊ីស្រាអែលស្តាំនិយមជ្រុលបានអំពាវនាវដោយបើកចំហឱ្យអ៊ីស្រាអែល បង្កើនការពង្រីកទីតាំងលំនៅឋាន ឬឲ្យដាក់បញ្ចូលជាឧបសម្ព័ន្ធដែនដីប៉ាឡេស្ទីន។ ខែនេះ រដ្ឋាភិបាលស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានអនុម័តវិធានការដើម្បីពង្រីកការគ្រប់គ្រងលើតំបន់កាន់កាប់ West Bank និងអះអាងសិទ្ធលើដែនដីប៉ាឡេស្ទីនជាច្រើនថា ជា «ទ្រព្យសម្បត្តិរដ្ឋ» របស់អ៊ីស្រាអែល។