ភ្នំពេញ៖ បើតាមមន្ត្រីជំនាញ នៃក្រសួងទេសចរណ៍ ក៏ដូចបណ្តាក្រុមហ៊ុនការីទេសចរណ៍ បានឱ្យដឹងថា នៅក្នុងអំឡុងពេលនេះ មានភ្ញៀវទេសចរនៅក្នុងស្រុក ចាប់ផ្តើមនាំគ្នាទៅកក់ទិញកញ្ចប់ទេសចរណ៍ក្នុងតម្លៃពិសេស ពីតាមក្រុមហ៊ុនការីទេសចរណ៍ ដើម្បីត្រៀមដើរកម្សាន្តនៅក្នុងអំឡុងថ្ងៃសំរាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទេសទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី២២ ខែមីនានេះថា នៅក្នុងអំឡុងពេលប្រេងសាំងកំពុងឡើងថ្លៃដោយសារវិបត្តិសង្គ្រាម អ៊ុយក្រែន និងរ៉ុស្ស៊ី ចលនាភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តហាក់មិនមានការថមថយខ្លាំងនោះទេ ហើយនៅក្នុងអំឡុងថ្ងៃឈប់សំរាកបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅពាក់កណ្តាលខែមេសានេះ យើងរំពឹងថា ចលនាទេសចរក្នុងស្រុកនឹងមានកំណើនឡើងខ្ពស់ ខណៈបច្ចុប្បន្ននេះ មានកន្លែងធ្វើការងារមួយចំនួននិងគ្រួសារខ្លះទៀតដែលមានសមាជិកច្រើន គឺបានទៅកក់ទិញកញ្ចប់ទេសចរណ៍តំលៃពិសេសដើម្បីដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
លោក បានបន្តថា តាមរយៈការបើកដំណើរការទិដ្ឋាការVisa on Arrival ឡើងវិញនេះដែរ យើងរឹតតែរំពឹងថា ភ្ញៀវទេសចរអន្តរជាតិនឹងចូលមកទស្សនាកម្ពុជាថែមទៀត ខណៈតាមច្រកព្រំដែនក៏មានការលើកលែងការធ្វើចត្តាឡីស័ក មិនធ្វើតេស្តតាមដានកូវីដ ៧២ម៉ោងមុនជាដើម។
បើតាមកត់សំគាល់ពី លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជាថា នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនការីទេសចរណ៍នានា ចាប់ផ្តើមទទួលបានការកក់កញ្ចប់ទេសចរណ៍ជាបណ្តើរៗ ដើម្បីត្រៀមដើរកម្សាន្តក្នុងស្រុក ប៉ុន្តែមិនទាន់មានច្រើននៅឡើយទេ និងមានបើកអោយភ្ញៀវមកកក់ជាបន្តបន្ទាប់រហូតថ្ងៃឈប់សំរាកបុណ្យចូលឆ្នាំថ្មី។
លោក ហូ វណ្ឌី អ្នកជំនាញទេសចរណ៍ ក៏បានអំពាវនាវទេសចរក្នុងស្រុកគួររួមគ្នាលើកវិស័យទេសចរណ៍ ដើរកម្សាន្តតាមកញ្ចប់ទេសចរណ៍ ដើម្បីទទួលបានអត្ថប្រយោជន៍ និងការស្គាល់ភូមិសាស្ត្រទឹកដីកម្ពុជាយើងបានច្បាស់។
បើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅពេលនេះ រដ្ឋបាលរាជធានី-ខេត្តបាននឹងកំពុងរៀបចំផែនការក្នុងការទាក់ទាញភ្ញៀវទេសចរសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដូចជាការរៀបចំព្រឹត្តិការណ៍ ការតុបតែងលម្អ ទន្ទឹមគ្នានឹងការពង្រឹងការអនុវត្តវិធានការ ៣កុំ និង៣ការពារ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងការគ្រប់គ្រងចរន្តភ្ញៀវនៅតាមគោលដៅដែលអាចមានការប្រមូលផ្តុំច្រើនផងដែរ៕ អត្ថបទ ស៊ុម សុខជា