ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីយប់ថ្ងៃអង្គារ (២៤ កុម្ភៈ) ថា ប្រទេសអ៊ីរ៉ង់ កំពុងតែអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ទៅដល់ទឹកដីសហរដ្ឋអាមេរិក ខណៈដែលភាពតានតឹងរវាងប្រទេសទាំងពីរនៅតែមិនព្រមអន់ថយ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំលើកដំបូងរបស់លោកនៃអាណត្តិទីពីរ លោក Trump បានប្រាប់សភាដោយសំដៅលើអ៊ីរ៉ង់ថា៖ «ពួកគេបានអភិវឌ្ឍមីស៊ីលដែលអាចគំរាមកំហែងដល់អឺរ៉ុប និងមូលដ្ឋានរបស់អាមេរិកនៅក្រៅប្រទេសរួចទៅហើយ ហើយពួកគេកំពុងតែប្រឹងប្រែងដើម្បីផលិតមីស៊ីល ដែលនឹងទៅដល់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ»។

សុន្ទរកថារបស់លោក Trump បានកើតឡើងនៅពេលដែលមន្ទីរបញ្ចកោណ បង្កើនវត្តមានយោធាដ៏ធំសម្បើមរបស់ខ្លួននៅជិតប្រទេសអ៊ីរ៉ង់ ដោយដាក់ពង្រាយនាវាចម្បាំងរាប់សិបគ្រឿង ក្រុមប្រយុទ្ធនៃនាវាផ្ទុកយន្តហោះចំនួនពីរគ្រឿង យន្តហោះចម្បាំង យន្តហោះចាក់ប្រេងលើអាកាស និងប្រព័ន្ធការពារដែនអាកាសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់មជ្ឈិមបូព៌ា។

ទីភ្នាក់ងារចារកម្មសម្ងាត់ការពារជាតិ របស់សហរដ្ឋអាមេរិក បានវាយតម្លៃនៅក្នុងរបាយការណ៍មួយកាលពីដើមឆ្នាំ២០២៦នេះថា អ៊ីរ៉ង់អាចមានមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ចំនួន ៦០ គ្រាប់នៅត្រឹមឆ្នាំ ២០៣៥។ របាយការណ៍ដែលមានតែមួយទំព័រនេះ បាននិយាយថា បច្ចុប្បន្ន អ៊ីរ៉ង់មិនទាន់មានមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ដែលត្រូវបានដាក់ពង្រាយនៅឡើយទេ៕