ប្រធានាធិបតីអាមេរិក លោក Donald Trump បានសាទរនូវជ័យជម្នះជាច្រើនក្នុងសុន្ទរកថាប្រចាំកាលពីយប់ថ្ងៃអង្គារ (២៤ កុម្ភៈ) ដោយលើកពីភាពជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកក្នុងការគ្រប់គ្រងព្រំដែនសហរដ្ឋអាមេរិក «ឱ្យមានសុវត្ថិភាពបំផុត» ដោយប្រកាសថា នោះជាភាពជោគជ័យដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្ត។

លោក Trump បានប្រាប់សភាថា «ឥឡូវនេះ អាមេរិកមានព្រំដែនដ៏រឹងមាំ និងមានសុវត្ថិភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក»។ លោកបានចង្អុលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការចាប់ខ្លួននិងដោះលែងជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមព្រំដែនភាគខាងត្បូង ដែលជាប្រចាំកើនលើសពី ១សែននាក់ ក្នុងមួយខែ ក្នុងសម័យរដ្ឋបាលលោក Biden ប៉ុន្តែពេលនេះ ស្ថិតនៅកម្រិតសូន្យក្នុងរយៈពេល ៩ខែចុងក្រោយនេះ។
លោក Trump ក៏បានលើកសរសើរវឌ្ឍនភាពដែលលោកនិយាយថា ជាអ្វីដែលរដ្ឋបាលរបស់លោកសម្រេចបាន លើការទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ និងលំហូរសារធាតុញៀនហ្វង់តានីលដែលឆ្លងកាត់ព្រំដែន។ ក្នុងសុន្ទរកថានោះ លោក Trump អះអាងថា «លំហូរនៃសារធាតុហ្វង់តានីលដ៏កាចសាហាវឆ្លងកាត់ព្រំដែនរបស់អាមេរិក បានធ្លាក់ចុះដល់ទៅ ៥៦% ក្នុងរយៈពេលមួយឆ្នាំ»។
នៅពេលចូលកាន់តំណែងកាលពីឆ្នាំមុន លោក Trump បានប្រកាសគ្រាអាសន្នផ្នែកព្រំដែន ដើម្បីរារាំងការស្នើសុំសិទ្ធិជ្រកកោន ដែលបានជួយកាត់បន្ថយអ្នកដែលព្យាយាមធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក តាមព្រំដែន។ ខណៈដែលរិះគន់អន្តោប្រវេសន៍ខុសច្បាប់ ប្រធានាធិបតីអាមេរិករូបនេះក៏បានសាទរដល់អ្នកដែលចូលទៅប្រទេសដោយស្របច្បាប់ផងដែរ៕


