អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានចុះចតនៅទីក្រុងប៉េកាំង នាថ្ងៃពុធ (២៥ កុម្ភៈ) នេះដើម្បីចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់លោក ដោយសង្ឃឹមថានឹងកំណត់ទំនាក់ទំនងទ្វេភាគីឡើងវិញ ខណៈប្រទេសចិនបានបង្ហាញខ្លួនឯងថាជាដៃគូសេដ្ឋកិច្ចដែលអាចទុកចិត្តបាន ស្របពេលដែលអឺរ៉ុប កំពុងតែលំបាកក្នុងការរក្សាតុល្យភាពសម្ព័ន្ធភាពជាមួយអាមេរិកផង និងដោះស្រាយភាពងាយរងគ្រោះនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនផង។

លោក Merz ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន បានក្លាយជាមេដឹកនាំអឺរ៉ុបចុងក្រោយបង្អស់ ដែលស្វះស្វែងកំណត់ទំនាក់ទំនងជាមួយចិនឡើងវិញ បន្ទាប់ពីទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអង់គ្លេស និងនាយករដ្ឋមន្រ្តីកាណាដា កាលពីដើមឆ្នាំនេះ ខណៈទីក្រុងប៉េកាំង លើកតម្កើងពីអត្ថប្រយោជន៍នៃការចូលរួមជាមួយទីផ្សារអ្នកប្រើប្រាស់ដ៏ធំរបស់ចិន និងមូលដ្ឋានផលិតកម្មជឿនលឿនរបស់ខ្លួន។
ការចូលរួមយ៉ាងជិតស្និទ្ធិរវាងសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ និងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលេខពីររបស់ពិភពលោក អាចកំណត់ដំណាក់កាលសម្រាប់ទំនាក់ទំនងសហភាពអឺរ៉ុប-ចិន នៅឆ្នាំនេះ។ នៅក្នុងវិចារណកថាមុនដំណើរទស្សនកិច្ចនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិងចិន ក្នុងការក្លាយជាកម្លាំងស្ថិរភាព ខណៈគោលនយោបាយពន្ធគយរបស់អាមេរិក ធ្វើឱ្យពាណិជ្ជកម្មពិភពលោករង្គោះរង្គើ។
ទិន្នន័យបង្ហាញថា កាលពីឆ្នាំ២០២៥ ទំនិញដែលមានតម្លៃ ១៧០,៦ ពាន់លានអឺរ៉ូ (ឬ ២០០,៩ ពាន់លានដុល្លារអាមេរិក) បាននាំចេញពីចិនចូលទៅអាល្លឺម៉ង់ ដែលជាកំណើនប្រចាំឆ្នាំ ៨,៨% ខណៈដែលការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់ចិនវិញបានធ្លាក់ចុះ ៩,៧% មកនៅត្រឹម ៨១,៣ ពាន់លានអឺរ៉ូ៕

