វាយកូនគោល៖ ជើងឯកវាយកូនគោលកម្មវិធីធំ The Masters កីឡាករអាមេរិក Phil Mickelson នឹងអវត្តមានពីការប្រកួត Masters ឆ្នាំនេះជាលើកដំបូងក្នុងរយៈពេល ២៨ឆ្នាំ។ កីឡាករវ័យ ៥១ឆ្នាំរូបនេះទើបតែបានចេញមុខសុំទោស ក្រោយពីការរិះគន់របបដឹកនាំរបស់អារ៉ាប៊ីសាអ៊ូឌីតថា ជារបបដឹកនាំដ៏គួរឱ្យខ្លាច។

កាលពីថ្ងៃចន្ទម្សិលមិញឈ្មោះរបស់ Mickelson ត្រូវបានដកចេញពីការប្រកួត Masters ដែលគេធ្លាប់ឈ្នះចុងក្រោយកាលពីឆ្នាំ២០១០។ កម្មវិធី The Masters ដែលឆ្នាំមុនឈ្នះដោយកីឡាករជប៉ុន Hideki Matsuyama នឹងចាប់ផ្ដើមនៅថ្ងៃទី៧ ខែមេសាខាងមុខនៅទីលានវាយកូនគោល Augusta National៕
អត្ថបទ៖នាង សុភាវុធ