ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក លោកស្រី Olha Stefanishyna បាននិយាយកាលពីថ្ងៃអង្គារ (២៤ កុម្ភៈ) ថា រដ្ឋាភិបាលអ៊ុយក្រែន បានទទួលសារផ្លូវការមួយពីក្រសួងការបរទេសសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន លើកំពង់ផែ Novorossiysk របស់រុស្ស៊ី បានប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកាហ្សាក់ស្ថាន។

គួរឱ្យដឹងថា ប្រេងភាគច្រើនរបស់កាហ្សាក់ស្ថាន ត្រូវបានបញ្ជូនទៅកំពង់ផែរុស្ស៊ី Novorossiysk សម្រាប់ការនាំចេញ។ ថ្លែងក្នុងខួបលើកទីបួននៃសង្រ្គាមរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី Stefanishyna បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីសារទូតផ្លូវការរបស់ក្រសួងការបរទេសអាមេរិកនោះទេ ដែលត្រូវបានគេហៅថា «កំណត់ទូត» ប៉ុន្តែលោកស្រីបាននិយាយថា សារនោះផ្តោតលើ «ការវាយប្រហារដែលប៉ះពាល់ដល់ផលប្រយោជន៍សហរដ្ឋអាមេរិក» មិនមែនប្រាប់ឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីនោះទេ។

លោកស្រី Stefanishyna បានប្រាប់អ្នកយកព័ត៌មានថា៖ «អ៊ុយក្រែនទទួលបានបានឮពីក្រសួងការបរទេសអាមេរិកថា អ៊ុយក្រែនគួរតែចៀសវាងនូវរវាយប្រហារលើផលប្រយោជន៍អាមេរិក»។ ឯកអគ្គរដ្ឋទូតរូបនេះបន្តថា៖ «សារនេះមិនទាក់ទងនឹងការលើកទឹកចិត្តឱ្យអ៊ុយក្រែនឈប់វាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធា និងថាមពលរបស់រុស្ស៊ីនោះទេ ប៉ុន្តែទាក់ទងនឹងការពិតដែលថាផលប្រយោជន៍សេដ្ឋកិច្ចរបស់អាមេរិក ត្រូវបានប៉ះពាល់នៅទីនោះ»។

លោកស្រីបានសង្កត់ធ្ងន់ថា ហេតុការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា អ៊ុយក្រែនបានបរាជ័យក្នុងការបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធស្រដៀងគ្នានេះជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីឯករាជ្យភាពរបស់ខ្លួនក្រោយពីការដួលរលំនៃសហភាពសូវៀតមក ហើយលោកស្រី បានប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូររឿងនោះ៕