បន្ទាប់ពីការបះបោរជាប្រវត្តិសាស្ត្រដែលដឹកនាំដោយយុវជនរបស់ប្រទេសនេប៉ាល់ កាលពីខែកញ្ញាឆ្នាំមុន បានសម្លាប់មនុស្សរាប់សិបនាក់ និងបានបង្ខំឱ្យលោកនាយករដ្ឋមន្ត្រី K.P. Sharma Oli លាលែងពីតំណែង ពេលនេះ អ្នកនយោបាយវ័យ ៣៥ ឆ្នាំមួយរូប ដែលធ្លាប់ជាតារាចម្រៀងរ៉េប គឺលោក Balendra Shah កំពុងទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកតាមដានរាប់លាននាក់របស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

រយៈពេលប្រាំខែបន្ទាប់ពីភាពចលាចល តន្ត្រីកររូបនេះ ដែលបានតស៊ូមតិនយោបាយយ៉ាងស្វិតស្វាញនៅពេលលោកបានក្លាយជាអភិបាលក្រុងកដ្ឋមណ្ឌូក្នុងឆ្នាំ២០២២ កំពុងតែគ្របដណ្ដប់លើការប្រណាំងប្រជែងដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេប៉ាល់ ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី ៥ ខែមីនា ខាងមុខនេះ។
គួរឱ្យដឹងថា នៅនេប៉ាល់ ពុំមានការស្ទង់មតិណាដែលអាចទុកចិត្តបានឡើយ ប៉ុន្តែអ្នកវិភាគនយោបាយមួយចំនួន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកព្យាករថា លោក Shah ជាជម្រើសនាយករដ្ឋមន្ត្រីឈានមុខគេ។ ប្រជាប្រិយភាពរបស់លោក Shah ត្រូវបានជំរុញដោយប្រព័ន្ធផ្សព្វផ្សាយសង្គម និងការផ្សារភ្ជាប់ជំហរជាមួយយុវជន។
ប្រសិនបើលោក Shah ពិតជាអាចឡើងកាន់អំណាចបានមែន នោះក៏អាចនាំឱ្យមានការផ្លាស់ប្តូរទិដ្ឋភាពនយោបាយរបស់នេប៉ាល់ផងដែរ ដែលជាប្រទេសដ៏តូចមួយនៅលើភ្នំហិម៉ាឡៃ។ គណបក្ស Rastriya Swatantra (RSP) របស់លោក គឺជាក្រុមចំណូលថ្មីកណ្តាលនិយម ដែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍បោះឆ្នោតរបស់ខ្លួនថា ខ្លួននឹងរក្សា «ទំនាក់ទំនងការបរទេសដែលមានតុល្យភាព» ជាមួយប្រទេសជិតខាងធំៗរបស់ខ្លួន គឺសំដៅលើឥណ្ឌា និងចិន។
មិនដូចឥស្សរជននយោបាយភាគច្រើនរបស់នេប៉ាល់នោះទេ លោក Shah មានទម្លាប់គេចវេះពីសារព័ត៌មានសំខាន់ៗ។ ផ្ទុយទៅវិញ លោកបង្ហាញវត្តមានដ៏ញឹកញាប់លើបណ្តាញសង្គម ជាមួយនឹងអ្នកតាមដានជាង ៣,៥ លាននាក់ ក្នុងប្រទេសដែលមានប្រជាជនសរុប ៣០លាននាក់មួយនេះ៕

