ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (២៤ កុម្ភៈ) ថា សហរដ្ឋអាមេរិក កំពុងតែខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោកទៅកាន់សភា ហើយលោកក៏បានលើកពីការស្លាប់របស់ទាហានរាប់ម៉ឺននាក់ក្នុងមួយខែៗ នៅក្នុងសង្រ្គាមដ៏បង្ហូរឈាមមួយនេះ។

ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នោះ គឺជាគម្រប់ខួបគម្រប់បួនឆ្នាំពេញនៃសង្រ្គាមទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន ប៉ុន្តែក្នុងសុន្ទរកថានោះ លោក Trump មិនបាននិយាយពីថ្ងៃខួបនៃជម្លោះនោះទេ ហើយរហូតមកដល់ពេលនេះ លោកបានលើកឡើងពីសង្គ្រាមនេះដោយសង្ខេបខ្លីប៉ុណ្ណោះ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។

ប្រធានាធិបតីរូបនេះបាននិយាយថា៖ «អាមេរិក កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបញ្ចប់សង្គ្រាមទី៩ គឺជាការសម្លាប់រង្គាលរវាងរុស្ស៊ី និងអ៊ុយក្រែន ជាទីដែលទាហានចំនួន ២៥.០០០ នាក់ បានស្លាប់ក្នុងមួយខែ ហើយជាសង្គ្រាមមួយដែលគួរតែមិនអាចកើតឡើងបានទេ ប្រសិនបើលោកធ្វើជាប្រធានាធិបតីនៅពេលនោះ» ដោយសំដៅលើឆ្នាំដែលសង្រ្គាមចាប់ផ្ដើមគឺឆ្នាំ២០២២។

សុន្ទរកថារបស់លោក Trump កាលពីថ្ងៃអង្គារ គឺជាសុន្ទរកថាដ៏វែងបំផុតក្នុងកំណត់ត្រាសម្រាប់ប្រធានាធិបតីអាមេរិក ទៅកាន់សភា ជាទីដែលលោកបានថ្លែងរយៈពេល ១ម៉ោង និង ៤៧នាទី។ បន្ទាប់ពីឆ្នាំដំបូងដែលផ្តោតយ៉ាងខ្លាំងលើគោលនយោបាយការបរទេស លោក Trump បែរជាលើកពីកិច្ចការអន្តរជាតិតែមួយភ្លែតប៉ុណ្ណោះក្នុងសុន្ទកថារបស់ខ្លួន។ សារព័ត៌មានរ៉យទ័រនិយាយថា លោក Trump ភាគច្រើនបាននិយាយតាមអត្ថបទព្រាង (ស្គ្រីប) របស់លោកអំឡុងសុន្ទរកថានោះ ដែលជារឿងមិនធម្មតាខ្លាំងណាស់សម្រាប់លោក៕