ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានថ្កោលទោសកងកម្លាំងគាំទ្ររហ័ស )RSF) ចំពោះការវាយប្រហារ និងអំពើឃោរឃៅជាបន្តបន្ទាប់ នៅក្នុងប្រទេសស៊ូដង់។

សមាជិកក្រុមប្រឹក្សាសន្តិសុខ UN បាន«ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះការវាយប្រហារ និងអស្ថិរភាពជាបន្តបន្ទាប់របស់ RSF នៅក្នុងតំបន់ Kordofan និង «គ្រប់ទម្រង់នៃការរំលោភបំពាន និងការរំលោភបំពានដែលបានប្រព្រឹត្តប្រឆាំងនឹងប្រជាជនស៊ីវិល» រួមទាំងរបាយការណ៍អំពីការឃុំខ្លួនតាមអំពើចិត្ត និងអំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះ ដោយសង្កត់ធ្ងន់ថា «ទង្វើបែបនេះ អាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម និងជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។
ពួកគេក៏បានថ្កោលទោស «អំពើឃោរឃៅទាំងអស់ រួមទាំងអំពើដែលត្រូវបានរាយការណ៍ថា បានប្រព្រឹត្តដោយ RSF នៅទីក្រុង El-Fasher រួមទាំងការសម្លាប់ជាប្រព័ន្ធ ការផ្លាស់ទីលំនៅជាទ្រង់ទ្រាយធំ ការប្រហារជីវិតភ្លាមៗ ការឃុំខ្លួនតាមអំពើចិត្ត និងការកំណត់គោលដៅដែលជំរុញដោយក្រុមជនជាតិភាគតិច» ហើយបានអំពាវនាវឲ្យជនល្មើសនៃការរំលោភបំពាន និងការរំលោភបំពានទាំងអស់ ត្រូវបានចាប់ឲ្យទទួលខុសត្រូវ។
ក្រុមប្រឹក្សាសន្តិសុខUN បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាជាបន្តបន្ទាប់ នៅទូទាំងប្រទេសស៊ូដង់ រួមទាំងនៅតំបន់ Kordofan និង Darfur ហើយបានអំពាវនាវឲ្យភាគីនៃជម្លោះ «បញ្ឈប់ការប្រយុទ្ធជាបន្ទាន់»។

សមាជិកក្រុមប្រឹក្សានេះ ក៏បានថ្កោលទោសយ៉ាងខាច់ខាតចំពោះរបាយការណ៍នៃការវាយប្រហារដោយយានដ្រូនម្តងហើយម្តងទៀតទៅលើជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងបុគ្គលិកមនុស្សធម៌ អគារ និងទ្រព្យសម្បត្តិ រួមទាំងការវាយប្រហារជាច្រើនលើកដែលប៉ះពាល់ដល់កម្មវិធីស្បៀងអាហារពិភពលោក ចាប់តាំងពីដើមខែកុម្ភៈមក៕