វិទ្យាស្ថានស្រាវជ្រាវអង់គ្លេសមួយបាននិយាយថា ការចំណាយលើវិស័យការពារជាតិសកលនៅក្នុងឆ្នាំ ២០២៥ បានឈានដល់កម្រិតខ្ពស់បំផុត ២,៦៣ សែនកោដ៍ដុល្លារ កើនឡើងពី ២,៥ ភាគរយកាលពីឆ្នាំមុននោះ។ វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានចេញផ្សាយរបាយការណ៍«តុល្យភាពយោធា» ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃអង្គារ។ ឯកសារនេះ បានវិភាគអំណាចយោធារបស់ប្រទេសនានា និងស្ថានភាពតំបន់នៅជុំវិញពិភពលោក។
របាយការណ៍បាននិយាយថា ការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុបបានកើនឡើង ១២,៦ ភាគរយពីឆ្នាំមុនដល់៥៦៣ ពាន់លានដុល្លារ ដោយបានកើនឡើងក្នុងល្បឿនលឿនជាងកម្រិតមធ្យមសកល។ ការចំណាយលើវិស័យការពារជាតិរបស់ប្លុកនេះក្នុងឆ្នាំ ២០២៥ មានចំនួន ២១,៤ ភាគរយនៃចំនួនសរុបសកល បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ មានត្រឹមតែ១៧ ភាគរយ។

របាយការណ៍និយាយថា និន្នាការនេះត្រូវបានជំរុញដោយការឈ្លានពានរបស់រុស្ស៊ីអូសបន្លាយពេលយូរលើអ៊ុយក្រែន និងការថយចុះឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការធានាសន្តិសុខតំបន់អឺរ៉ុប។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក គឺជាអ្នកចំណាយច្រើនបំផុតដែលមាន ៩២១ ពាន់លានដុល្លារ បន្ទាប់មកគឺប្រទេសចិនមាន២៥១,៣ ពាន់លានដុល្លារ និងរុស្ស៊ីមាន ១៨៦,២ ពាន់លានដុល្លារ។
ចំណែករបស់ប្រទេសចិននៅក្នុងការចំណាយសរុបនៅអាស៊ីបានកើនឡើងដល់ជិត ៤៤ ភាគរយនៅឆ្នាំ ២០២៥។ របាយការណ៍នេះបានបញ្ជាក់ថា «ការកើនឡើងជាប់ជាប្រចាំនៃថវិកាការពារជាតិរបស់ប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានវ៉ាដាច់កំណើននៅក្នុងតំបន់ដ៏ទូលំទូលាយ»។ ប្រទេសជប៉ុនស្ថិតក្នុងចំណាត់ថ្នាក់ទីប្រាំបួន ដោយមានថវិកាចំនួន ៥៨,៩ ពាន់លានដុល្លារ។
