នៅថ្ងៃទី២៥ ខែកុម្ភៈនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តការងារបន្តរបស់ខ្លួននៅឆ្នាំ២០២៦ ហើយនៅក្នុងឱកាសបើកសន្និបាតនេះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល បានដាក់ផែនការផ្តល់ការសម្របសម្រួលឲ្យបានល្អ ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនបើករោងចក្រសហគ្រាសឲ្យបានច្រើនថែមទៀត ដើម្បីបង្កើតឱកាសការងារកាន់តែជូនពលរដ្ឋ។
ឯកឧត្តម ប្រាក់ សារ៉ាត់ ថ្លែងថា ផែនការនៅក្នុងឆ្នាំ២០២៦នេះ ខេត្តនឹងបង្កើនសកម្មភាពផ្តល់ការសម្របសម្រួលទាក់ទាញអ្នកវិនិយោគបង្កើតរោងចក្រ សហគ្រាសឲ្យបានកើនលើសឆ្នាំ២០២៥ ដែលមាន៥៥រោងចក្រសហគ្រាស ខណៈ ក្នុងខែមករា ឆ្នាំ២០២៦ ខេត្តទាក់ទាញបានអ្នកវិនិយោគមកបង្កើតរោងចក្រសហគ្រាសបានចំនួន២គម្រោងរួចហើយ។
ឯកឧត្តម ប្រាក់ សារ៉ាត បន្តថា សម្រាប់អ្នកវិនិយោគ ដែលកំពុងអនុវត្តគម្រោងបង្កើតរោងចក្រ សហគ្រាសនោះ គឺខេត្ត នឹងផ្តល់ការសម្របសម្រួលជំរុញឲ្យរោងចក្រសហគ្រាសបើកដំណើរការឲ្យបានលឿន និងស្របច្បាប់ សំដៅជំរុញបង្កើតឱកាសការងារជូនក្នុងខេត្ត និងក្រៅខេត្តឲ្យបានច្រើន។
ឯកឧត្តម គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល និងវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជនឲ្យបានគ្រប់ៗ ដើម្បីផ្គត់ផ្គង់ពលកម្មជំនាញ ឲ្យស្របតាមសេចក្តីតម្រូវការចាំបាច់ របស់រោងចក្រសហគ្រាស។
លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា មកដល់បច្ចុប្បន្ន ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន២០៦៣សហគ្រាស ក្នុងនោះរោងចក្រក្នុងវិស័យវាយយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន២៩៦ ក្រៅពីនេះជាវិស័យវាយណភណ្ឌកាត់ដេរ ១ ៧៦៧សហគ្រាស បាន បង្កើតឱកាសការងារជូន បានមានកម្មករនិយោជិត ២៣ម៉ឺន៥ ៤១៧ នាក់ ក្នុងនោះស្ត្រី ១៥ម៉ឺន ៦០០០នាក់ និងនៅខ្វះកម្មករនិយោគជិតជាច្រើនទៀត ចូលបម្រើការងារ។
ហើយបើតាមលោក ច្រឹង ណារី ប្រធានវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល ថ្លែងថា បច្ចុប្បន្ន វិទ្យាស្ថាន បានទទួលសិស្ស ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង សញ្ញាបត្រកម្រិតC1 C2 C3 បានប្រមាណជិត ១២០០នាក់ ដោយឡែកការអនុវត្តកម្មវិធីអាហារូបករណ៍ រាជរដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនក្រីក្រ និងងាយរងហានីភ័យ ចូលរៀនជំនាញកម្រិតសញ្ញាបត្រ C1 បានប្រមាណជិត ១៣៧០នាក់ ហើយបច្ចុប្បន្ន វិទ្យាស្ថានក៏កំពុងបានបន្តចុះផ្សព្វផ្សាយតាមខ្នងផ្ទះ តាមឃុំសង្កាត់ តាមផ្សារ និងទីសាធារណៈនានា ឲ្យរាល់យុវជនចូលរៀនជំនាញវិជ្ជាជីវៈដោយមិនមានការគិតថ្លៃ៕ អត្ថបទ ស៊ុម សុខជា



