តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយថា រុស្ស៊ីមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីវាយបកវិញ ប្រសិនបើចក្រភពអង់គ្លេស និងបារាំងសម្រេចចិត្តផ្គត់ផ្គង់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែន។

លោកបានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដែលបានកោះប្រជុំតាមគំនិតផ្តួចផ្តើមរបស់ប្រទេសលោកខាងលិចថា៖«នៅថ្ងៃទី ២៤ ខែកុម្ភៈ ការិយាល័យសារព័ត៌មាននៃសេវាស៊ើបការណ៍សម្ងាត់បរទេសរុស្ស៊ី បានចេញផ្សាយរបាយការណ៍បន្ទាន់មួយអំពីផែនការរបស់ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស ក្នុងការផ្គត់ផ្គង់អាវុធនុយក្លេអ៊ែរ ឬអ្វីដែលហៅថា គ្រាប់បែកដែលផ្ទុកសារធាតុវិទ្យុសកម្ម ក៏ដូចជាមធ្យោបាយនៃការបញ្ជូនអាវុធនេះ ទៅឲ្យទីក្រុងគីវ»។
លោកបានបន្ថែមថា៖«រុស្ស៊ីមានសមត្ថភាពគ្រប់បែបយ៉ាង ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថា នៅតែមានមនុស្សដែលមានហេតុផល និងមានសុភវិនិច្ឆ័យ គ្រប់គ្រាន់ នៅក្នុងទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស ដែលនឹងអាចរារាំងមេដឹកនាំរបស់ពួកគេពីចំណាត់ការ ដែលមិនសមរម្យបែបនេះ»៕
