ប្រធានាធិបតីអាមេរិក លោក Donald Trump បានពោលសរសើរដល់សមិទ្ធផលសេដ្ឋកិច្ចរបស់លោក ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំដ៏វែងបំផុតជាប្រវត្តិសាស្ត្រ កាលពីថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) ហើយលោកក៏បាននិយាយដោយមោទនភាពថា លោកបាននាំមកនូវ «យុគសម័យមាស» ខណៈដែលលោកបានប្រឹងប្រែងបង្ហាញពីភាពជោគជ័យជាក់ស្ដែង អំឡុងពេលវេលាដ៏លំបាក សម្រាប់តំណែងប្រធានាធិបតីរបស់លោក។
ដោយយកចិត្តទុកដាក់ចំពោះការអំពាវនាវពីទីប្រឹក្សាដែលបារម្ភថា ប្រជាប្រិយធ្លាក់ចុះរបស់លោក នឹងជាសញ្ញាមិនល្អ សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅក្នុងខែវិច្ឆិកា លោក Trump បានចំណាយពេលមួយម៉ោងដំបូងនៃសុន្ទរកថាតាមទូរទស្សន៍របស់លោកផ្តោតលើសេដ្ឋកិច្ច ដោយលើកឡើងថា លោកបានទប់ស្កាត់អតិផរណា ជំរុញទីផ្សារភាគហ៊ុនឲ្យឡើងដល់កម្រិតខ្ពស់បំផុត ចុះហត្ថលេខាលើការកាត់បន្ថយពន្ធយ៉ាងទូលំទូលាយ និងធ្វើឲ្យតម្លៃឱសថធ្លាក់ចុះ។
លោកបាននិយាយថា៖ «ប្រទេសរបស់យើងត្រលប់មកវិញហើយ ពោលគឺកាន់តែធំជាងមុន កាន់តែប្រសើរជាងមុន និងកាន់តែខ្លាំងជាងមុន ដែលមិនធ្លាប់មានពីមុនឡើយ»។ លោកបាននិយាយបែបនេះបន្ទាប់ពីឡើងលើវេទិកាដោយមានសំឡេងស្រែកថា «សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក» ពីសមាជិកគណបក្សសាធារណរដ្ឋរបស់លោក នៅក្នុងសភា ជាទីដែលមានកៅអីទំនេររាប់សិបនៅខាងគណបក្សប្រជាធិបតេយ្យ ដែលជាការបង្ហាញថា សមជិកសភាជាច្រើនបានធ្វើពហិការមិនចូលរួមស្ដាប់សុន្ទរកថានេះ ដើម្បីគាំទ្រដល់ការជួបជុំប្រឆាំងនឹងលោក Trump នៅខាងក្រៅ។
យ៉ាងណាក្ដី សុន្ទរកថាប្រចាំឆ្នាំទៅកាន់សភានេះ បាននាំមកនូវហានិភ័យដ៏ធំ សម្រាប់លោកប្រធានាធិបតី ដោយការគាំទ្រចំពោះរូបលោកបានធ្លាក់ចុះ ក្ដីបារម្ភកើនឡើង ជុំវិញបញ្ហាអ៊ីរ៉ង់ ហើយជនជាតិអាមេរិកមានការខកចិត្តដែលលោកមិនបានធ្វើអ្វីបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាចំណាយខ្ពស់នៃការរស់នៅប្រចាំថ្ងៃ៕

