បាត់ដំបង ៖ ទោះបីស្ថានភាពការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង មានការថយចុះ ប៉ុន្តែអភិបាលខេត្តបាត់ដំបង បានជំរុញឱ្យសមត្ថកិច្ចការពារព្រំដែន បង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ឲ្យបាននូវការលួចឆ្លងដែនទៅមករបស់ពលករ ពិសេសនៅមុនរដូវចូលឆ្នាំនេះ។
ក្នុងពេលចុះពិនិត្យមើលស្ថានភាពការធ្វើចត្តាឡីស័ក របស់ពលករ តាមបណ្ដាស្រុកមួយចំនួន កាល ពីថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញឱ្យកងកម្លាំងសមត្ថកិច្ចការពារ ព្រំដែន បង្កើនការត្រួតពិនិត្យ ចំពោះការលួចឆ្លងដែនខុសច្បាប់របស់ពលករ ខណៈកម្ពុជា កំពុងមានការ ឆ្លងរាលដាលខ្លាំងក្នុងសហគមន៍ នៃជំងឺកូវីដ១៩ និងនៅមុនរដូវបុណ្យចូលឆ្នាំ ពិសេសត្រូវបន្តស្វែងរក ចាប់ខ្លួនពួកមេខ្យល់ ដែលនៅតែញុះញង់ពលករឱ្យលួចឆ្លងដែនខុសច្បាប់ ទាំងទៅ និងមកពីប្រទេសថៃ នោះ។
ឯកឧត្ដម បានបញ្ជាឲ្យអាជ្ញាធរស្រុកថ្មគោល និងស្រុកបវេល រៀបចំមណ្ឌលចត្តាឡីស័កបន្ថែម ទៀត ដោយសារកំណើនពលករ រស់នៅក្នុងស្រុកទាំងពីរនេះ ទើបត្រឡប់មកពីប្រទេសថៃ ពីមួយថ្ងៃទៅ មួយថ្ងៃ ខណៈនៅស្រុកមោងឫស្សី បង្កើនមណ្ឌលចត្តាឡីស័កដល់បីកន្លែង។
ទន្ទឹមនឹងការបន្ថែមមណ្ឌលចត្តាឡីស័កនេះ ឯកឧត្តម បានដាក់បទបញ្ជាឱ្យអាជ្ញាធរគិតគូរឱ្យបាន ខ្លាំងក្លាចំពោះបញ្ហាអនាម័យ ភ្លើងអគ្គិសនី និងផ្ដល់របបអាហារឲ្យបានគ្រប់គ្នា ព្រមទាំងត្រូវរឹតបន្តឹងការធ្វើ ចត្តាឡីស័ករបស់ពលករ និងផ្សព្វផ្សាយអប់រំ អំពីវិធានទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ពួកគេ ឲ្យបានយល់ដឹងច្បាស់ ព្រមទាំងច្បាប់ ស្តីពីកូវីដ១៩ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។
អាជ្ញាធរស្រុកជាប់ព្រំដែន បានឲ្យដឹងថា បច្ចុប្បន្ន ស្ថានភាពធ្វើចត្តាឡីស័ក ក្នុងស្រុកជាប់ព្រំដែន មានសភាពធូរស្រាលបន្តិចហើយ ព្រោះពលករ ដែលមានលំនៅឋានក្នុងរាជធានី ខេត្ត ស្រុក និងក្រុង ផ្សេងៗ ត្រូវបញ្ជូនទៅតាមគោលដៅរបស់ពួកគេ។
របាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា ចាប់ពីថ្ងៃទី៧ ខែមីនានេះ អាជ្ញាធរខេត្ត បានបញ្ជូនពលករទៅរាជធានី និងខេត្តផ្សេងៗ ជាង១០០០នាក់ និងបានទទួលយកពលករមានលំនៅ ឋានក្នុងខេត្តបាត់ដំបង ពីខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ជាង២០០០នាក់ ខណៈបច្ចុប្បន្ន មានពលករ ចំនួនជាង៤ពាន់នាក់ កំពុងធ្វើចត្តាឡីស័ក តាមមណ្ឌលនានាក្នុងខេត្ត៕
អត្ថបទ៖ បាន សុខរិទ្ធ