ប្រធានបទស្ដីពីអន្តរាគមន៍ណាមួយរបស់សហរដ្ឋអាមេរិក បានគ្របដណ្ដប់លើសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលនៃប្រទេសចំនួន ១៥ មកពីតំបន់ការ៉ាអ៊ីព និងទ្វីបអាមេរិក កាលពីថ្ងៃអង្គារ (២៤ កុម្ភៈ) ខណៈដែលមេដឹកនាំនៃតំបន់ទាំងនេះ បានជួបប្រជុំ ស្របពេលការវាយប្រហារដោយយោធាអាមេរិក ប្រឆាំងនឹងទូកដែលសង្ស័យថាដឹកគ្រឿងញៀននៅក្នុងតំបន់របស់ពួកគេ ក៏ដូចជាការបិទខ្ទប់ប្រេងមិនឱ្យទៅដល់ប្រទេសគុយបា។
ក្នុងពិធីបើកនៃកិច្ចប្រជុំកំពូល Caricom រយៈពេល ៤ថ្ងៃនៅប្រទេសសាំងគីត និង ណេវីស ដែលជាប្រទេសមួយនៅសមុទ្រការ៉ាអ៊ីព បណ្ដាមេដឹកនាំនៃប្លុកតំបន់ បានអំពាវនាវឱ្យបន្ធូរបន្ថយស្ថានការណ៍ និងមានកិច្ចសហការជាយុទ្ធសាស្ត្រដើម្បីដោះស្រាយផលប៉ះពាល់នៃគោលនយោបាយថ្មីៗរបស់សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីហ្សាម៉ាអ៊ីក និងជាប្រធានប្លុក Caricom ដែលកំពុងចេញពីតំណែង គឺលោក Andrew Holness បាននិយាយថា លោកគាំទ្រ «កិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនារវាងគុយបា និងអាមេរិក ដែលមានបំណងកាត់បន្ថយភាពតានតឹង កំណែទម្រង់ និងស្ថិរភាព»។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ត្រូវបានរំពឹងថា នឹងជួបជាមួយមេដឹកនាំទាំងនោះ នៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ នេះ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូល។ ទស្សនកិច្ចរបស់លោក Rubio ទៅកាន់តំបន់នេះ គឺមានរយៈជាងមួយខែបន្ទាប់ពីសហរដ្ឋអាមេរិក បានវាយឆ្មក់វ៉េណេស៊ុយអេឡា និងចាប់ខ្លួនមេដឹកនាំរបស់ខ្លួននៅពេលនោះ គឺលោក Nicolás Maduro។
ចាប់តាំងពីពេលនោះមក ទីក្រុងវ៉ាស៊ីនតោនបានបង្កើនសម្ពាធយ៉ាងខ្លាំងលើគុយបា ដោយធ្វើឱ្យវិបត្តិប្រេងឥន្ធនៈដែលធ្ងន់ធ្ងរស្រាប់ទៅហើយ កាន់តែអាក្រក់ទៅៗសម្រាប់ប្រទេសកោះមួយនេះ ហើយអាមេរិក ក៏បានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងពីវ៉េណេស៊ុយអេឡា ជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ទីក្រុងឡាហាវ៉ាន ដែលបានដឹកជញ្ជូនប្រេងរាប់ម៉ឺនបារ៉ែលជារៀងរាល់ថ្ងៃទៅកាន់ប្រទេសការ៉ាអ៊ីពមួយនេះ៕
