នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទៅដល់អ៊ីស្រាអែល នៅថ្ងៃពុធ (២៥ កុម្ភៈ) នេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលប្រទេសទាំងពីរបានចាត់ទុកថាជាឱកាសដ៏ល្អមួយដើម្បីពង្រឹងទំនាក់ទំនង ស្របពេលក្តីបារម្ភក្នុងតំបន់មជ្ឈិមបូព៌ាកំពុងតែកើនឡើង ជុំវិញហានិភ័យនៃជម្លោះយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
លោក Modi ដែលជាអ្នកជាតិនិយមហិណ្ឌូ បានក្លាយជានាយករដ្ឋមន្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រឥណ្ឌា ដែលបានទៅទស្សនកិច្ចអ៊ីស្រាអែល ក្នុងឆ្នាំ២០១៧ ដោយក្នុងអំឡុងពេលនោះ រូបលោក និងនាយករដ្ឋមន្ត្រីស្តាំនិយម Benjamin Netanyahu របស់អ៊ីស្រាអែល បានដើរលម្ហែលើឆ្នេរខ្សាច់មួយក្នុងទីក្រុងកំពង់ផែ ហៃហ្វា ភាគខាងជើង។

មេដឹកនាំទាំងពីរ ដែលពណ៌នាគ្នាទៅវិញទៅមកថាជា «មិត្តភក្តិ» ត្រូវបានរំពឹងថា នឹងបើកកិច្ចពិភាក្សាស្តីពីបញ្ញាសិប្បនិម្មិត AI ក៏ដូចជាវិស័យការពារជាតិ នៅពេលដែលអ៊ីស្រាអែល កំពុងស្វះស្វែងបង្កើនការនាំចេញផ្នែកយោធារបស់ខ្លួន។ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលមួយរូបបាននិយាយថា ដំណើរទស្សនកិច្ចនេះនឹង «បើកផ្លូវសម្រាប់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការថ្មីៗនៅទូទាំងវិស័យជាច្រើន»។
ដំណើរទស្សនកិច្ចរបស់លោក Modi បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក បានដាក់ពង្រាយកងកម្លាំងជើងទឹកដ៏ធំសម្បើមជិតឆ្នេរសមុទ្រអ៊ីរ៉ង់ មុនពេលលទ្ធភាពនៃការវាយប្រហារលើសាធារណរដ្ឋអ៊ិស្លាមមួយនេះ ក្នុងពេលដែលប្រទេសទាំងពីរស្ថិតក្នុងភាពជាប់គាំង លើការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ មន្ទីរបញ្ចកោណក៏បានដាក់ពង្រាយនាវាផ្ទុកយន្តហោះមួយគ្រឿងទៅកាន់សមុទ្រមេឌីទែរ៉ាណេផងដែរ ដោយឆ្ពោះទៅកាន់ឆ្នេរសមុទ្រអ៊ីស្រាអែល៕

