មន្ត្រីយោធាមកពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធ (២៥ កុម្ភៈ) នេះថា ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ ដែលគេស្គាល់ថាជា សមយុទ្ធខែលសរីភាព (Freedom Shield) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៩ ខែមីនា ខាងមុខនេះ។

ក្រុមមន្ត្រីបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា សមយុទ្ធប្រចាំឆ្នាំនេះមានលក្ខណៈ «ការពារ» ប៉ុន្តែការហ្វឹកហ្វឺនយោធាបែបនេះ បានក្លាយជាចំណុចក្តៅគគុកជាញឹកញាប់ជាមួយកូរ៉េខាងជើង ដែលបានថ្កោលទោសសមយុទ្ធទាំងនេះថាជាការហាត់សមសម្រាប់ការឈ្លានពាន។
មន្ត្រីកូរ៉េខាងត្បូង និងអាមេរិក និយាយថា សមយុទ្ធដោយសម្ព័ន្ធមិត្តទាំងពីរនៅខែក្រោយនេះ ក៏នឹងរួមបញ្ចូលសេណារីយ៉ូទប់ស្កាត់ ទាក់ទងនឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។
កូរ៉េខាងជើង បានចេញការរិះគន់ម្ដងហើយម្ដងទៀតចំពោះសមយុទ្ធយោធាបែបនេះ ហើយក៏តែងអនុវត្តការសាកល្បងសព្វាវុធជាការឆ្លើយតប។ បច្ចុប្បន្ន កូរ៉េខាងជើង កំពុងរៀបចំសមាជលើកទី៩ របស់គណបក្សពលករកំពុងកាន់អំណាច ដែលជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតនៅក្នុងប្រតិទិនរបស់ខ្លួន និងជាព្រឹត្តិការណ៍មួយដែលអ្នកវិភាគនិយាយថា អាចនឹងបញ្ចប់ជាមួយនឹងក្បួនដង្ហែយោធានៅទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញពីសមត្ថភាពយោធាចុងក្រោយបំផុតរបស់ខ្លួន៕
