ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសជាផ្លូវការពីការធ្វើ «សង្គ្រាមប្រឆាំងនឹងការក្លែងបន្លំ» ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោក កាលពីយប់ថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) ហើយលោកបានតែងតាំងអនុប្រធានាធិបតី លោក JD Vance ជាអ្នកដឹកនាំក្រុមការងារពិសេស ដើម្បីបំពេញកិច្ចការនេះ។

លោក Trump បានអះអាងថា ការក្លែងបន្លំហិរញ្ញវត្ថុទាក់ទងនឹងជនជាតិសូម៉ាលី មានចំនួនរហូតដល់ ១៩ពាន់លានដុល្លារ នៅរដ្ឋ Minnesota ដែលជាកម្រិតច្រើនជាងការរាយការណ៍ពីមុន។ លោកបានបញ្ជាក់ថា វាគឺជា «ប្រភេទនៃអំពើពុករលួយដែលធ្វើឲ្យខូចគ្រឹះរបស់ជាតិ»។
លោក Trump បានលើកឡើងថា កិច្ចប្រឹងប្រែង ដើម្បីដោះស្រាយការក្លែងបន្លំ អាចត្រូវបានប្រើ ដើម្បីធ្វើឲ្យមានតុល្យភាពថវិការបស់រដ្ឋាភិបាលសហព័ន្ធ។ បំណុលជាតិរបស់សហរដ្ឋអាមេរិកមានចំនួនជាង ៣៨សែនកោដិដុល្លារ។
ដោយនិយាយក្នុងន័យបប្រៀបធៀប លោក Trump បានលើកឡើងថា៖ «ចោរសមុទ្រសូម៉ាលីដែលបានវាយលុករដ្ឋ Minnesota រំលឹកយើងថា មានផ្នែកធំៗនៃពិភពលោកនេះ ដែលសំណូកសូកប៉ាន់ អំពើពុករលួយ និងភាពគ្មានច្បាប់ គឺជារឿងធម្មតា ពោលគឺមិនមែនជាករណីដែលកម្រកើតមាននោះឡើយ»។
លោក Trump បានស្ដីបន្ទោសថា មកពីគ្មានការរឹតបន្តឹងលើអន្តោប្រវេសន៍ និងលើការបើកចំហព្រំដែន ទើបនាំឲ្យមានបញ្ហាក្លែងបន្លំនេះ។ លោកបានបន្ថែមថា ការក្លែងបន្លំនាំឲ្យមានការចំណាយខ្ពស់លើផ្នែកការថែទាំសុខភាព ការធានារ៉ាប់រងរថយន្ត ការជួល និងពន្ធ។
គួរបញ្ជាក់ថា ការចោទប្រកាន់ពីការក្លែងបន្លំ បានលេចឡើងម្តងទៀតកាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលរបាយការណ៍ បានបញ្ជាក់ថា ប្រាក់រាប់លានដុល្លាររបស់អ្នកបង់ពន្ធ ត្រូវបានលួចពីប្រព័ន្ធសុខុមាលភាពរបស់រដ្ឋ ហើយបានបញ្ជូនទៅក្រុមភេរវករដែលមានមូលដ្ឋាននៅសូម៉ាលី។ មនុស្សរាប់សិបនាក់ត្រូវបានកាត់ទោសរួចហើយពីបទក្លែងបន្លំនេះ៕
