ស្នងការពាណិជ្ជកម្មអឺរ៉ុប លោក Maros Sefcovic បាននិយាយកាលពីថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នា២០២៦) ថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump បានធានាដល់សហភាពអឺរ៉ុប (EU) ថា ខ្លួនចង់គោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងកាលពីឆ្នាំមុន ទោះបីជាលោកTrump បានដាក់អត្រាពន្ធបន្ថែមលើការនាំចូលថ្មីចំនួន ១០ភាគរយក៏ដោយ។
ប្រមុខពាណិជ្ជកម្ម EU បានប្រាប់ថា លោកបានទាក់ទងម្តងហើយម្តងទៀតជាមួយសមភាគីអាមេរិក គឺតំណាងពាណិជ្ជកម្ម លោក Jamieson Greer និងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick ចាប់តាំងពីតុលាការកំពូលអាមេរិក បានលុបចោលអត្រាពន្ធសកលរបស់លោក Trump ដើម្បីកំណត់អ្វីដែលរដ្ឋបាលលោក Trump មានគម្រោងធ្វើបន្ទាប់។

លោក Sefcovic បានប្រាប់សវនាការនៅសភាអឺរ៉ុបថា៖ «ពួកលោកទាំង ២នាក់ បានធានាដល់ខ្ញុំថា ពួកលោកគាំទ្រកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប»។
ការធានាជាថ្មីនេះ បានកើតឡើងបន្ទាប់ពីតុលាការកំពូល បានសម្រេចថា លោក Trump មិនមានសិទ្ធិអំណាចគ្រប់គ្រាន់ ក្នុងការដាក់អត្រាពន្ធក្រោមច្បាប់ឆ្នាំ១៩៧៧ នោះឡើយ។ ជាការឆ្លើយតប លោក Trump បានប្រកាសពន្ធថ្មី ១០ភាគរយលើទំនិញនាំចូល ដែលលោកបានសន្យាថា នឹងកើនឡើងដល់ ១៥ភាគរយ។
គួរបញ្ជាក់ថា បញ្ហានេះបានបង្កឲ្យមានជាសំណួរស្មុគស្មាញ អំពីកិច្ចព្រមព្រៀងដែលបានឈានដល់កាលពីឆ្នាំមុន ដែលបានកំណត់អត្រាពន្ធ ១៥ភាគរយ សម្រាប់ទំនិញភាគច្រើនរបស់ EU៕
