យន្តហោះចម្បាំង F-16 របស់ទួរគី ធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើងនាព្រឹកព្រលឹមថ្ងៃពុធ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាលឲ្យអ្នកបើកស្លាប់។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិ។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ Anadolu បានឲ្យដឹងថា ក្រសួងបានបញ្ជាក់ថា វិទ្យុទាក់ទង និងប្រព័ន្ធតាមដានព័ត៌មានភ្ជាប់នឹងយន្តហោះ ដែលបានហោះចេញពីទីក្រុង Balikesir នៅម៉ោង ១២:៥៦ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២១:៥៦ ម៉ោងសកល នាថ្ងៃអង្គារ) បានដាច់ការទាក់ទងភ្លាមៗ បន្ទាប់ពីហោះឡើង។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមួយត្រូវបានចាប់ផ្តើម ហើយបំណែកយន្តហោះត្រូវបានរកឃើញ។ ហើយអមដោយការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកបើកយន្តហោះ ក្រសួងបានបញ្ជាក់ថា៖ «អ្នកបើកយន្តហោះរបស់យើង បានបាត់បង់ជីវិត។ មូលហេតុនៃគ្រោះថ្នាក់នឹងត្រូវបានកំណត់បន្ទាប់ពីការស៊ើបអង្កេតដោយក្រុមពិនិត្យការធ្លាក់យន្តហោះ»។
កាលពីខែវិច្ឆិកាឆ្នាំមុន ទួរគីបានផ្អាកការហោះហើរដោយយន្តហោះដឹកទំនិញ C-130 របស់ខ្លួន បន្ទាប់ពីយន្តហោះ ១គ្រឿង បានធ្លាក់នៅក្នុងប្រទេសជិតខាងហ្សកហ្ស៊ី ខណៈពេលកំពុងវិលត្រឡប់មកពីអាស៊ែបៃហ្សង់ ដោយបានធ្វើឲ្យមនុស្សទាំងអស់ ២០នាក់នៅលើយន្តហោះស្លាប់។
នៅកន្លែងផ្សេងទៀត យន្តហោះ F-16 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក ក៏បានធ្លាក់ដែរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕
