នគរបាលនិយាយថា ក្រុមស៊ើបអង្កេតព្រហ្មទណ្ឌស្រីលង្កា បានចាប់ខ្លួនអតីតប្រធានចារកម្មប្រទេសមួយនេះ ពាក់ព័ន្ធនឹង រលកនៃការបំផ្ទុះគ្រាប់បែកនៅពិធីបុណ្យអ៊ីស្ទើរដែលបានសម្លាប់មនុស្ស ២៧៩នាក់ ហើយនិងធ្វើឲ្យដង្ហើមសេដ្ឋកិច្ចនៃវិស័យទេសចរណ៍របស់ពួកគេ រងភាពរង្គោះរង្គើរ ។
នគរបាលនិយាយនៅថ្ងៃពុធនេះថា លោកឧត្តមសេនីយឯកចូលនិវត្តន៍ Suresh Sallay ត្រូវបានចាប់ខ្លួននៅព្រឹកនេះ នៅតំបន់ជាយក្រុងរដ្ឋធានីកូឡំបូ ។
មន្រ្តីស៊ើបអង្កេតមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា លោក Sallay ត្រូវបានចាប់ខ្លួនពីបទសមគំនិតជួយ និងញុះញង់ឲ្យមានការវាយប្រហារលើពិធីបុណ្យអ៊ីស្ទើរ ។
លោក Sallay ដែលត្រូវបានតែងតាំងជាប្រធានសេវាចារកម្មរដ្ឋកាលពីឆ្នាំ ២០១៩ បន្ទាប់ពីលោក Gotabaya Rajapaksa ក្លាយជាប្រធានាធិបតីនោះ ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកអត្តឃាត គឺជាការចោទប្រកាន់មួយលោកធ្វើការច្រានចោល ។

ការវាយប្រហារគ្រាប់បែកអត្តឃាតស្ទើតែដំណាលគ្នា ៦ទៀត បានវាយប្រហារក្រុមជំនុំពិធីបុណ្យអ៊ីស្ទើរ នៅឯព្រះវិហារ ៣កន្លែង ហើយនិងភ្ញៀវក្នុងសណ្ឋាគារប្រណីត ៣កន្លែង អំឡុងអាហារពេលព្រឹក ។
ការបំផ្ទុះគ្រាប់បែកដែលបណ្តាលឲ្យមនុស្សជាង ៥០០នាក់ រងរបួសទាំងនេះដែរ បានសម្លាប់ជនបរទេស ៤៥នាក់ ហើយនិងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ដ៏សំខាន់នៅក្នុងប្រទេសកោះមួយនេះ ។
ក្រោយការវាយប្រហារ ក្រុមមន្រ្តី បានដាក់ការស្តីបន្ទោសលើក្រុមប្រដាប់អាវុធក្នុងស្រុកសម្រាប់ការបំផ្ទុះគ្រាប់បែកអត្តឃាត ប៉ុន្តែលោក Sallay ត្រូវបាចោទប្រកាន់ផងដែរថាជាអ្នករៀបចំការវាយប្រហារ ៕
