អេហ្ស៊ីបកាលពីអង្គារបានជំរុញឲ្យសហគមន៍អន្តរជាតិគាំទ្រកងកម្លាំងប្រដាប់អាវុធលីបង់ឲ្យកាន់តែប្រសើរឡើង ខណៈដែលប្រទេសនេះ កំពុងឈានទៅមុខជាមួយនឹងផែនការដកហូតអាវុធពីក្រុមសកម្មប្រយុទ្ធហេសបូឡា និងនាំយកអាវុធទាំងអស់ដាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។
ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមមួយនៅទីក្រុងគែរ មុនសន្និសីទទីក្រុងប៉ារីសនៅខែក្រោយ ដើម្បីគាំទ្រកងទ័ពលីបង់ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានសរសើរ «ភាពជោគជ័យរបស់កងទ័ពលីបង់ ក្នុងការបញ្ចប់ដំណាក់កាលដំបូងនៃផែនការនេះ»។

លោក Abdelatty បាននិយាយថា៖«សមិទ្ធផលនេះឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃស្ថាប័នយោធា និងតម្រូវឲ្យ មានការពង្រឹងការគាំទ្រពីអន្តរជាតិ ដើម្បីបញ្ចប់ដំណាក់កាលដែលនៅសល់នៃផែនការនេះ»។
រដ្ឋាភិបាលលីបង់កាលពីឆ្នាំមុន បានប្តេជ្ញាចិត្តក្នុងការដកហូតអាវុធពីក្រុមហេសបូឡា ដែលត្រូវបានចុះខ្សោយយ៉ាងខ្លាំងនៅក្នុងសង្គ្រាមថ្មីៗនេះជាមួយអ៊ីស្រាអែល ហើយបានប្រគល់ភារកិច្ចឲ្យកងទ័ពរៀបចំផែនការមួយ ដើម្បីធ្វើដូច្នេះ។
ចាប់តាំងពីពេលនោះមក ប្រទេសលីបង់បានទទួលការសន្យាគាំទ្រ ស្របពេលមានការខ្វះខាតឧបករណ៍ បុគ្គលិក និងសមត្ថភាពបច្ចេកទេសដែលត្រូវការ ដើម្បីអនុវត្តបេសកកម្មរបស់កងទ័ព៕
