ដោយដកស្រង់ប្រភពមួយចំនួន កាសែត Miami Herald បានរាយការណ៍ថា ស្របពេលមានវិបត្តិថាមពលនៅប្រទេសគុយបា សហរដ្ឋអាមេរិកមានគម្រោងជំរុញការនាំចេញប្រេងឥន្ធនៈ ទៅកាន់កោះនេះ ដោយមានលក្ខខណ្ឌថា ការផ្គត់ផ្គង់ទាំងនោះទៅកាន់វិស័យឯកជនរបស់ប្រទេសនេះ។

ប្រភពមួយរបស់កាសែតនេះ បាននិយាយថា៖«យើងចង់បង្កើនលំហូរប្រេងឥន្ធនៈពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសគុយបា ឲ្យតែអ្នកទទួលផលចុងក្រោយ គឺវិស័យឯកជន»។
យោងតាមរបាយការណ៍បានឲ្យដឹងថា អាជ្ញាធរអាមេរិក ត្រូវបានគេរំពឹងថា នឹងចេញច្បាប់នាំចេញថ្មីក្នុងពេលឆាប់ៗនេះ ដោយលើកដែនកំណត់បច្ចុប្បន្នលើបរិមាណនៃការផ្គត់ផ្គង់ប្រេង។ បច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មគុយបាអាចទិញប្រេងឥន្ធនៈក្នុងបរិមាណតិចតួច នៅសហរដ្ឋអាមេរិក ហើយដឹកជញ្ជូនវាទៅកាន់កោះនេះ។
ក្រុមមេធាវីនិយាយថា វិធានការបែបនេះ មិនរំលោភលើការហាមឃាត់របស់សហរដ្ឋអាមេរិកលើការដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបាទេ ប្រសិនបើអ្នកផ្គត់ផ្គង់មានអាជ្ញាប័ណ្ណពីក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលអនុញ្ញាតឲ្យលក់ទៅឲ្យអង្គភាពឯកជនគុយបា ទោះបីជាមានតែក្រុមហ៊ុនអាមេរិកមួយចំនួនតូចប៉ុណ្ណោះដែលមានលិខិតអនុញ្ញាតបែបនេះ នាពេលបច្ចុប្បន្នក៏ដោយ។ ប្រភពដែលសារព័ត៌មាននេះដកស្រង់ ជឿថា អាជ្ញាធរគុយបា នឹងមិនរារាំងការដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់វិស័យឯកជននោះទេ៕
