កាណាដានិយាយថា ពួកគេគ្រោងនឹងផ្តល់ជំនួយដល់គុយបា ខណៈប្រទេសកោះមួយនេះ ជួបកង្វះប្រេងឥន្ធនៈ ក្រោយទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការរាំងផ្ទប់ការផ្គត់ផ្គង់ប្រេងដល់ពួកគេ ។
ទីក្រុងវ៉ាស៊ីនតោន បានបង្កើនយុទ្ធនាការដាក់សម្ពាធលើប្រទេសកោះគ្រប់គ្រងបែបកុម្មុយនិស្តមួយនេះ និងជាបច្ចាមិត្តយូរមកហើយរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបិទប្រេងទាំងអស់ពីការចូលដល់ប្រទេសគុយបា រួមទាំងប្រេងមកពីប្រទេសសម្ព័ន្ធមិត្តវេណេស៊ុយអេឡា ធ្វើឲ្យឡើងថ្លៃតម្លៃស្បៀងអាហារ និងការដឹកជញ្ជូន និងជំរុញឲ្យមានកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនីច្រើនម៉ោង ។

រដ្ឋមន្រ្តីការបរទេសកាណាដាលោក Anita Anand និយាយកាលពីថ្ងៃចន្ទដោយពុំបានផ្តល់សេចក្តីលម្អិតពីអ្វីជាជំនួយថា ពួកយើងកំពុងរៀបផែនការជួយ ។ ត្រង់ចំណុចនេះ ពួកយើងមិនអាចផ្តល់រឿងរ៉ាវលម្អិតបន្ថែមទៀតនៃសេចក្តីប្រកាសបានទេ ។
ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ(UN)បានព្រមានថា បើសិនជាតម្រូវការថាមពលគុយបា ពុំអាចឈានដល់ទេនោះ វាអាចបណ្តាលឲ្យកើតមានវិបត្តិមនុស្សធម៌ ។
កាណាដា និយាយកាលពីសប្តាហ៍មុនថា ពួកគេកំពុងតាមដានស្ថានភាពនៅគុយបា ហើយនិងព្រួយបារម្ភចំពោះហានិភ័យកើនឡើងនៃវិបត្តិមនុស្សធម៌នៅទីនោះ ៕
