នៅថ្ងៃពុធ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ មន្ត្រីហ្វីលីពីនបានប្រាប់ឲ្យដឹងថា យន្តហោះយោធាអាមេរិក ១គ្រឿងដែលដឹកបុគ្គលិកអាមេរិក ៥នាក់ បានបុករបាំងបេតុង ខណៈពេលកំពុងព្យាយាមហោះឡើងពីផ្លូវ ក្នុងអំឡុងពេលហ្វឹកហាត់សង្គ្រោះបន្ទាន់ នៅខេត្តភាគខាងជើងនៃប្រទេសហ្វីលីពីន ដោយបណ្តាលឲ្យអ្នកនៅលើយន្តហោះទាំងអស់រងរបួស។
អ្នកបើកយន្តហោះ និងបុគ្គលិកអាមេរិក ២នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល បន្ទាប់ពីមានគ្រោះថ្នាក់កាលពីរសៀលថ្ងៃអង្គារ នៅលើផ្លូវវាងបេតុង ក្នុងទីក្រុង Laoac របស់ខេត្ត Pangasinan។ ហើយបើតាមរបាយការណ៍បថមរបស់នគរបាល បានឲ្យដឹងថា បុគ្គលិករងរបួស ២នាក់ផ្សេងទៀត ត្រូវបានព្យាបាលនៅកន្លែងកើតហេតុតែម្ដង។
អមដោយការបន្ថែមថា មូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតនោះ មន្ត្រីហ្វីលីពីន ៣នាក់ បានប្រាប់សារព័ត៌មាន AP ថា ការហ្វឹកហាត់ពាក់ព័ន្ធនឹងយន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសអាមេរិកនេះដែលកំពុងចុះចត និងហោះឡើងពី «តំបន់ចុះចតជំនួស» ត្រូវបានគ្រោងទុក និងសម្របសម្រួលពេញលេញជាមួយអាជ្ញាធរស៊ីវិល នគរបាល និងយោធាហ្វីលីពីន។
មន្ត្រីទាំង ៣រូប បាននិយាយទៅកាន់សារព័ត៌មាន AP ដោយសុំមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យពិភាក្សាអំពីគ្រោះថ្នាក់នេះជាសាធារណៈនោះទេ៕