នគរបាលនៅម៉ិកស៊ិក កំពុងស្វែងអ្នកទោសមួយចំនួនដែលរត់គេចចេញពីពន្ធនាគារ នៅទីក្រុង Puerto Vallarta អំឡុងរលកនៃការវាយប្រហាររបស់ក្រុមមេខ្លោងគ្រឿងញៀន CJNG កាលពីថ្ងៃអាទិត្យ ។
ទីក្រុង Puerto Vallarta ស្ថិតនៅតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ម៉ិកស៊ិក ស្ថិតក្នុងចំណោមទីក្រុងដែលក្រុមគ្រឿងញៀន CJNG បិទផ្លូវ និងដុតរថយន្ត ជាការសងសឹកនឹងការសម្លាប់មេដឹកនាំរបស់ពួកគេ គឺលោក Nemesio Oseguera Cervantes ដោយកងកម្លាំងសន្តិសុខម៉ិកស៊ិក ។

មន្រ្តីមួយរូបនិយាយថា អំឡុងភាពរំជើបរំជួលនេះ ក្រុមប្រដាប់អាវុធបានបើករថយន្តបំបុករបងពន្ធនាគារ ជាការត្រួសត្រាយផ្លូវឲ្យអ្នកទោស ២៣នាក់ រត់គេចខ្លួន ។
មនុស្សជាង ៧០នាក់ រួមទាំងសមាជិកឆ្មាំជាតិ ២៥នាក់ផងដែរ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការចាប់ខ្លួនលោក El Mencho ហើយអំពើហិង្សាក៏បានកើតឡើងតាមក្រោយ ។
លោក Juan Pablo Hernández គឺជារដ្ឋមន្រ្តីសន្តិសុខប្រចាំរដ្ឋ Jalisco និយាយថា ការិយាល័យរបស់លោកកំពុងធ្វើការជាមួយរដ្ឋផ្សេងទៀត ដើម្បីតាមចាប់ខ្លួនពិរុទ្ធជន ។
ក្រុមមន្រ្តីនៅមិនទាន់បញ្ចេញរឿងរ៉ាវលម្អិតនៃអត្តសញ្ញាណរបស់អ្នកទោសដែលរត់គេចខ្លួននោះទេ ។
សមាជិកក្រុមមេខ្លោងគ្រឿងញៀនបានដុតកម្ទេចចោលរថយន្តជាច្រើនគ្រឿងនៅទូទាំទីក្រុង Puerto Vallarta កាលពីថ្ងៃអាទិត្យ ។
ភ្ញៀវទេសចរ និងអ្នកស្រុក ត្រូវបានជំរុញឲ្យស្វែងរកជម្រកលាក់ខ្លួន និងមិនត្រូវចេញក្រៅនោះទេ ហើយរូបភាពវីដេអូឃ្លីបដែលពួកគេថតបាន ឃើញសំណុំផ្សែងពណ៌ខ្មៅហុយពីលើតំបន់ឆ្នេរដ៏ពេញនិយមមួយកន្លែង ៕
