យោធាអាមេរិក និងកូរ៉េខាងត្បូង បាននិយាយនាថ្ងៃពុធនេះថា ពួកគេនឹងធ្វើសមយុទ្ធនិទាឃរដូវប្រចាំឆ្នាំរបស់ពួកគេ នៅខែក្រោយ ដើម្បីជំរុញសមត្ថភាពការពារជាតិរួមគ្នារបស់ប្រទេសរបស់ពួកគេ ស្របពេល ការជាប់គាំងការទូតកាន់តែធ្ងន់ធ្ងរឡើង ជាមួយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។
សមយុទ្ធ Freedom Shield ត្រូវបានកំណត់ធ្វើ ពីថ្ងៃទី១៩ដល់ថ្ងៃទី១៩ ខែមីនា។ នេះបើយោងតាមការប្រកាស។
កូរ៉េខាងជើងបានពណ៌នាជាយូរមកហើយអំពីសមយុទ្ធរួមគ្នារបស់សម្ព័ន្ធមិត្តថា ជាការហាត់សមឈ្លានពាន ហើយបានប្រើប្រាស់វាជាលេស ដើម្បីបង្កើនសកម្មភាពបង្ហាញយោធា និងសាកល្បងអាវុធរបស់ខ្លួន។ សម្ព័ន្ធមិត្តនិយាយថា សមយុទ្ធនេះ មានលក្ខណៈការពារ។

ការប្រកាសនេះ បានកើតឡើង នៅពេលដែលកូរ៉េខាងជើងកំពុងធ្វើសន្និសីទនយោបាយដ៏សំខាន់មួយ ដែលមេដឹកនាំផ្តាច់ការ លោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងគូសបញ្ជាក់ពីគោលនយោបាយ ក្នុងស្រុក ការបរទេស និងគោលដៅយោធាសំខាន់ៗរបស់លោកសម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនទាន់បានរាយការណ៍ពីមតិយោបល់ដោយផ្ទាល់ណាមួយដោយលោក គីម ជុងអ៊ុន អំពីទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នៅសមាជគណបក្សពលករ ដែលកំពុងកាន់អំណាច ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន៕
