រដ្ឋាភិបាលនីហ្សេរីយ៉ា បានច្រានចោលសេចក្តីរាយការណ៍របស់សារព័ត៌មានដែលបានចោទប្រកាន់ថា ពួកគេបានបង់ប្រាក់លោះដ៏ច្រើនសន្ធឹកសន្ធាប់ដល់ក្រុមជីវពលអ៊ិស្លាម Boko Haramដើម្បីទទួលបានការដោះលែងសិស្សសាលា និងបុគ្គលិកសាលាជាង ២០០នាក់ ដែលត្រូវបានចាប់ជម្រិតចេញពីសាលាកាតូលិកមួយកន្លែងកាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ ។
រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក Mohammed Idris បានចាត់ទុកការចោទប្រកាន់ធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន AFPដោយដកស្រង់ប្រភពចារកម្មថា ជាខុសទាំងស្រុង និងគ្មានមូលដ្ឋាននោះទេ និងជាការប្រមាថដល់វិជ្ជាជីវៈ និងភាពសុចរិត របស់កងកម្លាំងសន្តិសុខ ។

លោកបានធ្វើការច្រានចោលផងដែរចំពោះសេចក្តីរាយការណ៍ថា មេបញ្ជាការ ២រូបរបស់ក្រុមជីវពល Boko Haram ត្រូវបានដោះលែងជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ។
នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយទៀត អ្នកនាំពាក្យការិយាល័យប្រធានាធិបតីនីហ្សេរីយ៉ា និយាយថា លោកស្នងការនគរបាល Kayode Egbetokun ដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់លោកប្រធានាធិបតី Bola Tinubu បានលាលែងពីតំណែងរបស់លោក ។
ដោយឡែក ស្នងការរងរបស់គាត់គឺលោក Tunji Disu បានទទួលយកតំណែងមួយនេះបណ្តោះអាសន្ន ពេលដែលប្រទេសនីហ្សេរីយ៉ា ប្រឈមនឹងសម្ពាធសន្តិសុខកើនឡើង ៕
