ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានប្រកាសដាក់ទណ្ឌកម្មលើមេបញ្ជាការទាហានប៉ារ៉ារបស់ប្រទេសស៊ូដង់ចំនួន ៤រូប ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើឃោរឃៅ ក្នុងអំឡុងពេលដណ្តើមកាន់កាប់ទីក្រុង al-Fashir របស់តំបន់ដាហ្វួរ កាលពីខែតុលាឆ្នាំមុន។
បុគ្គលទាំង ៤នាក់រូបនោះ គឺជាសមាជិកជាន់ខ្ពស់នៃកងកម្លាំងគាំទ្ររហ័ស (RSF) ដែលការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) កាលពីសប្តាហ៍មុន បានកំណត់ថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ក្នុងអំឡុងពេលមានការឡោមព័ទ្ធរយៈពេល ១៨ខែរបស់ពួកគេ និងដែលនៅទីបំផុតបានដណ្តើមកាន់កាប់ទីក្រុង al-Fashir។

អ្នកទាំងនោះ គឺជាមេបញ្ជាការរងកងកម្លាំង RSF គឺលោក Abdelrahim Hamdan Daglo និងលោក Gedo Hamdan Ahmed លោកឧត្តមសេនីយ៍ត្រី al-Fateh Abdullah Idris និងមេបញ្ជាការនៅសមរភូមិ លោក Tijani Ibrahim។
ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ប្រទេសស៊ូដង់ត្រូវបានរួបរឹតដោយអ្វីដែល UN ចាត់ទុកថា «សង្គ្រាមដ៏ឃោរឃៅ» រវាងកងកម្លាំង RSF និងកងទ័ពជាតិរបស់ស៊ូដង់ ជាការប្រយុទ្ធគ្នាដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ និងបង្កើតឲ្យមានវិបត្តិអត់ឃ្លាន និងការផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក។
អស់រយៈពេល ១ឆ្នាំកន្លះ កងកម្លាំង RSF បានឡោមព័ទ្ធបិទខ្ទប់រដ្ឋធានី al-Fashir របស់រដ្ឋ North Darfur ជាទីក្រុងធំចុងក្រោយរបស់តំបន់នេះ ដែលគេចផុតពីការគ្រប់គ្រងរបស់ពួកគេ មុនពេលមានវាយលុកកាន់កាប់ទីក្រុងនេះកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
យុទ្ធនាការ ដែលបេសកកម្មស្វែងរកការពិតរបស់ UN បានពិពណ៌នាថា ជា «រយៈពេល ៣ថ្ងៃនៃហេតុការណ៍ដ៏គួរភ័យរន្ធត់» ត្រូវបានសម្គាល់ដោយការប្រហារជីវិតភ្លាមៗដោយមិនមានការកាត់ទោស អំពើហិង្សាផ្លូវភេទជាប្រព័ន្ធ និងការឃុំឃាំងទ្រង់ទ្រាយធំ ដោយផ្ដោតជាចម្បងលើប្រជជន Zaghawa ដែលជាជនជាតិភាគតិចនៃទីក្រុងនេះ៕


