តាមធម្មតា អ្នកស្រី Rauzah ដែលជាម្តាយកូន ៤ នឹងចម្អិនអាហារសម្រាប់គ្រួសាររបស់គាត់ ដើម្បីបញ្ចប់ការតមអាហាររ៉ាម៉ាឌនរបស់ពួកគេ ។ ប៉ុន្តែឆ្នាំនេះ អ្នកប្រឹងអស់ពីលទ្ធភាពហើយបានតែម្ហូបប៉ណ្ណឹងទេ នៅក្នុងសំពត់តង់ពណ៌លឿងទុំ ជាទីដែលពួកគេបានជ្រកកោនអស់រយៈពេលជិត ៣ខែមកហើយ ។
ពួកគេស្ថិតក្នុងចំណោមអ្នករស់រានពីទឹកជំនន់ ២៦.០០០នាក់ នៅបន្តជម្លៀសខ្លួន ក្រោយភ្លៀងមូសុងវស្សា វាយប្រហារភូមិដ្ឋានរបស់ពួកគេនៅលើកោះស៊ូម៉ាត្រា កាលពីឆ្នាំមុន ។
នៅខេត្តអាឆេដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត និងមានចំនួនអ្នកស្លាប់ច្រើនជាងគេក្នុងចំណោមមនុស្សស្លាប់ជាង ១០០០ នាក់ គ្រួសារកាន់តែខកចិត្តខ្លាំងចំពោះការឆ្លើយតបយឺតយ៉ាវរបស់អាជ្ញាធរ ។
ពួកគេជាច្រើនបន្តស្នាក់នៅជម្រកបណ្តោះអាស្នន ឬសំពត់តង់ ដោយមានការរំពឹងតិចតួចក្នុងការវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ។

អង្គុយលើកម្រាលព្រំស្តើងគ្របលើក្រដាសកាតុង អ្នកស្រី Rauzah និងកូន ៤នាក់របស់គាត់ ចែកអាហារមានបន្លៃ និងបង្គា ។
ស្រ្តីវ័យ ៤២ឆ្នាំរូបនេះ និយាយថា គាត់នៅមានរបួសផ្លូវចិត្តនៅឡើយ ។ ពេលណាមានភ្លៀងធ្លាក់ គាត់ពិតជាមានអារម្មណ៍ភិតភ័យខ្លាំងណាស់ ។ គាត់នៅគិតដល់កូនរបស់គាត់ គិតដល់វិធីដែលគាត់ត្រូវជួយសង្រ្គោះជីវិតរបស់ពួកគេ ។
ពេលដែលសប្តាហ៍ចេះតែកន្លងផុតទៅ ហើយអំណោយចេះតែធ្លាក់ចុះនោះ អ្នករស់រាននាំគ្នាសួរថាតើរយៈពេលប៉ុន្មានទៀតដែលពួកគេត្រូវបន្តរស់នៅបែបនេះទៀត ក្រោយគ្រោះមហន្តរាយដ៏អាក្រក់បំផុតវាយប្រហារខេត្តអាឆេ ចាប់តាំងពីរលកយក្សស៊ូណាមិ ឆ្នាំ ២០០៤៕
