បុរសវ័យ ៣២ឆ្នាំម្នាក់ នៅសហរដ្ឋអាមេរិក បានចាក់មនុស្ស ៤នាក់រហូតដល់ស្លាប់នៅក្រៅផ្ទះ ស្ថិតនៅឧបទ្វីប Key ភាគពាយ័ព្យទីក្រុង Tacoma រដ្ឋវ៉ាស៊ីនតោន ។ ក្រោយមកជនសង្ស័យត្រូវបានបាញ់សម្លាប់ដោយតម្រួតស្រុក Pierce ។
ការវាយប្រហារនេះ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ ។ នគរបាលមកពីការិយាល័យតម្រួតស្រុក Pierce ត្រូវបានដាក់ពង្រាយនៅវេលាម៉ោង ៨ និង ៤១នាទីព្រឹក ម៉ោងក្នុងស្រុក បន្ទាប់ពីសេចក្តីរាយការណ៍ថា ជនសង្ស័យបានបំពានបទបញ្ជាមិនឲ្យជួបគ្នា ។

យោងតាមសេចក្តីថ្លែងការណ៍ជាវីដេអូចេញដោយអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា សាក្សីជាច្រើននាក់ បានមើលឃើញការវាយប្រហារនេះ នៅវេលាម៉ោង ៩ និង ៣០នាទី ព្រឹក ម៉ោងក្នុងស្រុក ។ វាចំណាយពេលប្រហែល ៣នាទីក្រោយ ទើបនគរបាលដំបូងបានមកដល់ ហើយសំឡេងផ្ទុះគ្រាប់កាំភ្លើងបានបន្លឺឡើង នៅវេលាម៉ោង ៩ និង ៣៣នាទីព្រឹក ។
ជនសង្ស័យត្រូវបានប្រកាសថា ស្លាប់នៅកន្លែងកើតហេតុ ។ ជនរងគ្រោះ ៣នាក់ដែលរងការវាយប្រហារដោយកាំបិត បានស្លាប់នៅកន្លែងកើតហេតុ ខណៈជនរងគ្រោះទី ៤ ត្រូវបានរួសរាន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយមកជនរងគ្រោះម្នាក់នោះ ត្រូវបានប្រកាសថាស្លាប់ ដោយសាររបួសធ្ងន់ធ្ងរពេក ។
ទីភ្នាក់ងារព័ត៌មាន APរាយការណ៍ថា ផ្ទះដែលករណីវាយប្រហារដោយកាំបិតកើតឡើង ទំនងជាកម្មសិទ្ធិរបស់ស្រ្តីម្នាក់ដែលដាក់ពាក្យប្តឹងទាមទារបទបញ្ជាការពារខ្លួនរយៈពេល ១ឆ្នាំលើកូនប្រុសរបស់គាត់ ។ អ្នកស្រីចោទប្រកាន់ថា កូនប្រុសរបស់គាត់ បានគំរាមរូបគាត់ និងមានជំងឺផ្លូវចិត្ត ហើយនិងមានបញ្ហាប្រើប្រាស់គ្រឿងញៀនទៀតផង ៕
