សៀមរាប៖ បណ្តាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន (NADI) បានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ របស់ខ្លួន និងកិច្ចប្រជុំចង្អៀតលើកទី៦ កាលពីម្សិលមិញ នៅខេត្ដសៀមរាប ក្រោមមូលបទ (ការរំឭកខួបលើកទី១៥ នៃបណ្ដាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាស្ថាប័ន និងវិទ្យាស្ថានការពារជាតិ និងសន្តិសុខ នៃប្រទេសជាសមាជិកអាស៊ាន ចំនួន១៣ស្ថាប័ន ដោយរួមទាំងវិទ្យាស្ថានចក្ខុវិស័យអាស៊ីផងដែរ។
លោកជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការ បរទេស និងជានាយកអង្គភាពសេនាតេជោ ដែលដឹកនាំកិច្ចប្រជុំនេះ បានឱ្យដឹងថា NADI គឺជាបណ្តាញវិទ្យាស្ថានស្រាវជ្រាវ នៃប្រទេសសមាជិកអាស៊ាន ទាំង១០ ដែលត្រូវបានបង្កើតនៅឆ្នាំ២០០៧ ដើម្បីប្រមូលផ្តុំអ្នកវិភាគគោលនយោបាយ ដែលមានឯកទេសលើបញ្ហាការពារជាតិ និងសន្តិសុខ អ្នកសិក្សាស្រាវជ្រាវលើកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ និងមន្ត្រីការពារជាតិ រួមគ្នាសិក្សាស្រាវជ្រាវ ស្វែងរកដំណោះស្រាយលើបណ្តាបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិអាស៊ាន។
លោកជំទាវ បានបន្ដថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ នឹងពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ ការវាយតម្លៃលើវឌ្ឍនភាព និងសមិទ្ធផលរបស់ NADI ក្នុងរយៈពេល១៥ឆ្នាំកន្លងមក។
លោកជំទាវឧត្ដមសេនីយ៍ឯក បានបញ្ជាក់ថា ដោយឡែក កិច្ចប្រជុំចង្អៀតលើកទី០៦ នឹងមានការ ផ្លាស់ប្តូរទស្សនៈ ក៏ដូចជាចក្ខុវិស័យក្នុងចំណោមស្ថាប័នទាំង១៣របស់NADI លើបរិបទ នៃការការពារជាតិ និងសន្តិសុខសហសម័យ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមគ្នា ជាពិសេសការពង្រឹងកិច្ចសហប្រតិ បត្តិការយោធាក្នុងតំបន់ ស្របតាមមូលបទរបស់ ADMM នៅឆ្នាំនេះគឺផ្តោតសំខាន់លើការបន្ត និងនិរន្តរភាព ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងការប្តេជ្ញាចិត្តលើកកម្ពស់ភាពជាដៃគូប្រកបដោយមិត្តភាពសម្រាប់សន្តិភាព និងស្ថិរភាព។
ក្នុងចំណោមយន្តការសន្តិសុខជាច្រើន ដែលត្រូវបានដាក់ឱ្យដំណើរការ NADI គឺជាយន្តការមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំការសិក្សាស្រាវជ្រាវ និងទស្សនៈ សម្រាប់ស្ថាប័នការពារ ជាតិអាស៊ាន។
ជាមួយនឹងទស្សនវិស័យជាសកល និងលទ្ធផលក្នុងតំបន់កិច្ចប្រជុំនេះបន្តដើរតួនាទីជា អ្នកស្វែងរកអនុសាសន៍ ទស្សនទាន សម្រាប់ការវិភាគ ដែលជាកម្មវត្ថុនៃការពិចារណា និងការអនុម័ត ដោយថ្នាក់ដឹកនាំ នៃADSOM និង ADMM ) ៕អត្ថបទ៖ ឈិត សាវី






