រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងស្វែងរកការដោះស្រាយ ចំពោះកង្វល់របស់មេដឹកនាំតំបន់ការ៉ាអ៊ីព ពាក់ព័ន្ធនឹងគុយបា នៅក្នុងកិច្ចប្រជុំកំពូលមួយ នាថ្ងៃពុធ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធលើប្រទេសកោះកុម្មុយនីស្តនេះ បន្ទាប់ពីបានទម្លាក់ប្រធានាធិបតីវ៉េណេស៊ុយអេឡាចេញពីតំណែង។

លោក Rubio ជាជនជាតិអាមេរិកដើមកំណើតគុយបា ដែលបានចំណាយពេលអាជីពនយោបាយរបស់លោក ដោយសង្ឃឹមថា នឹងផ្តួលរំលំរដ្ឋាភិបាលទីក្រុងឡាហាវ៉ាន (Havana) ក៏កំពុងស្វែងរកកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព ជុំវិញប្រទេសវេណេស៊ុយអេឡា និងហៃទីដែលកំពុងជួបបញ្ហា ខណៈដែលរូបលោកចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសហគមន៍ការ៉ាអ៊ីព ឬ CARICOM ដែលមិនរាប់បញ្ចូលគុយបា។
បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតី លោក Donald Trump នៅរដ្ឋសភា លោក Rubio បានធ្វើដំណើរតាមយន្តហោះពេញមួយយប់ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល នៅប្រទេសកោះ Saint Kitts & Nevis ជាអតីតដែនដីស្ថិតក្រោមអាណានិគមអង់គ្លេសដែលមានប្រជាជនតិចជាង ៥០.០០០នាក់។
លោក Rubio បានក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកដែលបានទៅទស្សនកិច្ចប្រទេសតូចមួយនេះ ដែលជាកន្លែងកំណើតរបស់បិតាស្ថាបនិកម្នាក់របស់សហរដ្ឋអាមេរិក គឺលោក Alexander Hamilton៕
