មេដឹកនាំនៃក្រុមប្រទេសមានឧស្សាហក្មលូតលាស់ឈានមុខគេទាំង៧ (G7) កាលពីថ្ងៃអង្គារ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) បានបញ្ជាក់ជាថ្មីអំពី «ការគាំទ្រឥតងាករេ» របស់ពួកគេ ចំពោះប្រទេសអ៊ុយក្រែន ខណៈសង្គ្រាមដែលកំពុងបន្តមាន រវាងទីក្រុងមូស្គូ និងគីវ បានប្រារព្ធខួប ៤ឆ្នាំ។
សេចក្តីថ្លែងការណ៍រួមមួយរបស់មេដឹកនាំនៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានលើកឡើងថា៖ «នៅថ្ងៃខួបលើកទី៤ នៃការឈ្លានពានបន្ថែមទៀតរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ពួកយើង ដែលជាមេដឹកនាំ G7 បញ្ជាក់ជាថ្មីអំពីការគាំទ្រឥតងាករេរបស់យើង ចំពោះប្រទេសអ៊ុយក្រែន ក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិរស់រានមានជីវិត និងសេរីភាព អធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន»។

ដោយបង្ហាញការគាំទ្រ ចំពោះ «កិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ដោយផ្តួចផ្តើមដំណើរការសន្តិភាព និងនាំភាគីពាក់ព័ន្ធឲ្យទៅពិភាក្សាគ្នាដោយផ្ទាល់ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា អឺរ៉ុបមាន «តួនាទីឈានមុខគេក្នុងដំណើរការនេះ ដោយមានដៃគូផ្សេងទៀតចូលរួម»។
ជាមួយគ្នានេះ មេដឹកនាំទាំងនោះបានសង្កត់ធ្ងន់ថា «មានតែអ៊ុយក្រែន និងរុស្ស៊ីទេ ដែលធ្វើការជាមួយគ្នានៅក្នុងដំណើរការចរចានេះ ប្រកបដោយស្មោះត្រង់ប៉ុណ្ណោះ ទើបអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពបាន»។
មេដឹកនាំទាំងអស់ក៏បានស្វាគមន៍ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយជាសម្ភារៈ ដើម្បីជួយអ៊ុយក្រែនឆ្លងកាត់រដូវរងា ក្នុងនោះរួមមានទាំងការបញ្ជូនម៉ាស៊ីនភ្លើងជាង ២.៥០០គ្រឿង និងឧបករណ៍ថាមពលសំខាន់ៗផងដែរ។ ហើយយោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា មានការសន្យាថ្មីផ្ដល់ជាទឹកប្រាក់ជាងកន្លះពាន់លានអឺរ៉ូដល់មូលនិធិគាំទ្រថាមពលអ៊ុយក្រែន៕
