ជប៉ុនតវ៉ាយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់ចិន ក្នុងការរឹតត្បិតការនាំចេញទំនិញប្រើប្រាស់បាន ២យ៉ាង ទាំងក្នុងគោលបំណងស៊ីវិល និងយោធា ដល់អង្គភាពធុរកិច្ចជប៉ុនចំនួន ២០ក្រុមហ៊ុនដែលទីក្រុងប៉េកាំងនិយាយថា អាចត្រូវបានប្រើប្រាស់ក្នុងគោលបំណងយោធា ដែលជាចំណុចរបត់ចុងក្រោយមួយនៃជម្លោះការទូតរយៈពេលច្រើនខែរវាងប្រទេសទាំង ២ ។
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Sato Kei និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចំណាត់ការរបស់ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃអង្គារ មិនអាចទទួលយកបាននោះឡើយ ហើយនិងមិនត្រូវអត់ឱនឲ្យដោយទីក្រុងតូក្យូនោះដែរ ។

ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយសារបំរាមនាំចេញរបស់ចិនលើរបស់របរប្រើប្រាស់បាន ២យ៉ាង ឬរបស់របរដែលអាចប្រើប្រាស់បានសម្រាប់គោលបំណងស៊ីវិល និងយោធា រួមមានក្រុមហ៊ុនផលិតនាវា ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនគ្រឿងចក្រសមុទ្រនៃឧស្សាហកម្មធនធ្ងន់ Mitsubishi ឧស្សាហកម្មធនធ្ងន់ Kawasaki បណ្ឌិត្យសភាការពារជាតិជប៉ុន និងទីភ្នាក់ងាររុកអវកាសជប៉ុន ។
ទីក្រុងប៉េកាំងនិយាយថា ការរឹតត្បិតការនាំចេញទំនិញប្រើប្រាស់បាន ២យ៉ាងទៅកាន់ក្រុមហ៊ុនជប៉ុន គឺចាំបាច់ ដើម្បីការពារផលប្រយោជន៍ និងសន្តិសុខជាតិរបស់ខ្លួន ហើយនិងបំពេញកាតព្វកិច្ចអន្តរជាតិ ដូចជាការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ៕
