ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (ទី២៤ ខែមករា ឆ្នាំ២០២៦) បាននិយាយថា លោកមានឆន្ទៈក្នុងការដោះស្រាយការខ្វែងគំនិត រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តាមរយៈមធ្យោបាយការទូត ប៉ុន្តែនឹងមិនបណ្ដោយឲ្យសាធារណរដ្ឋឥស្លាមទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោក លោក Trump បានបញ្ជាក់ថា៖ «បំណងប្រាថ្នារបស់ខ្ញុំ គឺដោះស្រាយបញ្ហានេះ តាមរយៈការទូត ប៉ុន្តែរឿងមួយគឺប្រាកដណាស់ថា ខ្ញុំនឹងមិនបណ្ដោយឲ្យប្រទេសដែលឧបត្ថម្ភភេរវកម្មលំដាប់លេខ ១ របស់ពិភពលោកមួយនេះ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត»។
លោក Trump បានអះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងដំណើរការចរចា ប៉ុន្តែទីក្រុងតេអេរ៉ង់មិនបានប្ដេជ្ញាបោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុងនោះទេ។
លោកបានបន្ថែមថា៖ «យើងកំពុងចរចាជាមួយពួកគេ ពួកគេចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែយើងមិនទាន់បានឮពាក្យសម្ងាត់ទាំងនោះ ដែលពួកគេនិយាយថា ខ្លួននឹងគ្មានថ្ងៃមានអាវុធនុយក្លេអ៊ែរឡើយ»។
ក្នុងអំឡុងពេលកាន់តំណែងដំបូងរបស់លោកពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ លោក Trump បានលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលផ្តួចផ្តើមឡើងដោយអ្នកកាន់តំណែងមុនរបស់លោក គឺលោក Barack Obama និងបានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសនេះ៕