ទិន្នន័យរដ្ឋាភិបាលបង្ហាញនៅថ្ងៃពុធនេះថា អត្រាកំណើតកូរ៉េខាងត្បូង បានកើនឡើងវិញ សម្រាប់ឆ្នាំទី ២ជាប់ៗគ្នា កាលពីឆ្នាំ ២០២៥ នៅក្នុងសញ្ញាបន្ថែមទៀតថាប្រទេសមួយនេះដែលប្រឈមនឹងវិបត្តិប្រជាសាស្រ្ត អាចនឹងចាប់ផ្តើមល្អប្រសើរឡើងវិញ ។
យោងតាមទិន្នន័យបឋមពីក្រសួងទិន្នន័យ និងស្ថិតិ បានឲ្យដឹងថា អត្រាកំណើតកូរ៉េខាងត្បូង មានចំនួន ០,៨ កាលពីឆ្នាំ ២០២៥ ពោលគឺកើនឡើងពីចំនួន ០,៧៥ កាលពីឆ្នាំ ២០២៤ ។
កំណើតថ្មីក្នុងប្រទេសអាស៊ីមួយនេះ ចាប់ផ្តើមងើបឡើងវិញក្នុងឆ្នាំ ២០២៤ ក្រោយការរីករាលដាលឆ្លងសកលជំងឺ COVID-19 និងគាំទ្រដោយគោលនយោបាយរបស់រដ្ឋាភិបាល បន្ទាប់ពីធ្លាក់ចុះ ៨ឆ្នាំជាប់ៗគ្នា ដែលមើលឃើញពួកគេចុះបញ្ជីថា ជាប្រទេសមានអត្រាកំណើតទាបជាងគេបំផុតនៅលើពិភពលោកកាលពីឆ្នាំ ២០២៣ ។
មាននូវកំណើតថ្មី ៥នាក់ ក្នុងចំណោមមនុស្ស ១ពាន់នាក់ កាលពីឆ្នាំ ២០២៥ ពោលគឺកើនឡើងពីចំនួន ៤,៧នាក់ កាលពីឆ្នាំ ២០២៤ ។ អត្រាកំណើតនេះដែរ បើធៀបនឹងចិនវិញមានចំនួន ៥,៦នាក់ កាលពីឆ្នាំមុន កោះតៃវ៉ាន់ ៤,៦នាក់ កាលពីឆ្នាំមុន ហើយជប៉ុន ៥,៧នាក់ កាលពីឆ្នាំ ២០២៤ ជាទីដែលនិន្នាការនៅតែបន្តដាំក្បាលចុះ ៕