ភ្នំពេញ ៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃកម្ពុជានៅថ្ងៃទី២២ ខែមីនានេះ បានចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខណ្ឌ ក្រុមប្រឹក្សាសង្កាត់ទាំង៥ ក្នុងខណ្ឌចំការមន ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី (អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះជាដើម។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរ ក្នុងអនុវត្តការងារប្រចាំថ្ងៃ ការគ្រប់គ្រងប្រជាពលរដ្ឋនៅទូទាំងខណ្ឌ ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍ និងរីកចម្រើលើកគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀតនោះ ឯកឧត្តម បានស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នា មានសាមគ្គីភាពផ្ទៃក្នុង ហើយត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តទប់ស្កាត់រាល់បញ្ហាអសកម្មទាំងឡាយណា ដែលកើតមានឡីងនៅក្នុងថ្នាក់មូលដ្ឋាន និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានសិទ្ធិ សម្រាប់ចូលរួមក្នុងការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុន។
ជាមួយគ្នានោះឯកឧត្តមប្រធានស្តីទី ក៏បានផ្តាំផ្ញើ និងក្រើនរំលឹកដល់អាជ្ញាធរខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្តាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី (អូមីក្រុង) និងត្រូវប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង៣ការពារផងដែរ៕អត្ថបទ ៖ បាន ចក់






