មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា លោកនឹងផ្តោតលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស ហើយថា ការរំពឹងទុកសម្រាប់ការកែលម្អទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក គឺអាស្រ័យទាំងស្រុងលើអាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងពិធីព្យុហយាត្រាដ៏ធំមួយ ដែលក្នុងនោះ រួមមានវត្តមានដ៏កម្ររបស់កូនស្រីសំណព្វចិត្តលោកផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍ (២៦ កុម្ភៈ) នេះ។

ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍ថា សមាជលើកទី៩ រយៈពេលមួយសប្តាហ៍របស់បក្សពលករកូរ៉េខាងជើង ដែលកាន់អំណាច បានបិទបញ្ចប់ដោយក្បួនដង្ហែរយោធានៅរដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃពុធ។ លោក គីម បាននិយាយក្នុងព្រឹត្តិការណ៍នោះថា «ឋានៈអន្តរជាតិរបស់ប្រទេសអាស៊ីមួយនេះ បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់» ខណៈកូរ៉េខាងជើង បានដាក់ចេញនូវគោលដៅគោលនយោបាយសំខាន់ៗសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។
យោងតាម KCNA លោក គីម និយាយថា «ឆន្ទៈដ៏មុតមាំរបស់បក្សគឺជាការពង្រីក និងពង្រឹងថាមពលនុយក្លេអ៊ែរជាតិបន្ថែមទៀត ព្រមទាំងអនុវត្តឋានៈរបស់ខ្លួនជារដ្ឋនុយក្លេអ៊ែរឱ្យបានហ្មត់ចត់»។ លោក គីម បន្តថា «យើងនឹងផ្តោតលើគម្រោងបង្កើនចំនួនអាវុធនុយក្លេអ៊ែរ និងពង្រីកមធ្យោបាយប្រតិបត្តិការនុយក្លេអ៊ែរ»។ KCNA និយាយថា លោក គីម ក៏ដាក់ចេញផែនការរបស់កូរ៉េខាងជើង ដើម្បីអភិវឌ្ឍមីស៊ីលបាលីស្ទិកអន្តរទ្វីបដ៏រឹងមាំជាងមុន ប្រព័ន្ធវាយប្រហារប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងយានដ្រូន។
កូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលគេស្គាល់ថាឈ្មោះនាង គីម ជូអេ ក៏បានចូលរួមក្បួនដង្ហែយោធាដែលប្រារព្ធឡើងកាលពីយប់ថ្ងៃពុធនោះផងដែរ ស្របពេលមានការសង្ស័យពីលទ្ធភាពដែលអាចទៅរួចថា នាងកំពុងត្រូវបានទំនុកបម្រុងឱ្យក្លាយជាអ្នកស្នងតំណែងបន្តពីឪពុករបស់ខ្លួន៕



