ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) របស់សហរដ្ឋអាមេរិក បានបង្ហោះសេចក្ដីណែនាំថ្មីជាភាសាហ្វាស៊ី លើប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗជាច្រើន មានបំណងតម្រង់ទៅកាន់ជនជាតិអ៊ីរ៉ង់ ដែលចង់ទាក់ទងសេវាចារកម្មមួយនេះប្រកបដោយសុវត្ថិភាព។

កិច្ចប្រឹងប្រែងជ្រើសរើសបុគ្គលិករបស់ CIA បានកើតឡើងស្របពេលការប្រមូលផ្តុំកងកម្លាំងយោធាអាមេរិក យ៉ាងច្រើនសន្ធឹកសន្ធាប់នៅមជ្ឈិមបូព៌ា និងស្របពេលលទ្ធភាពដ៏ខ្ពស់ដែលថា លោកប្រធានាធិបតី Donald Trump អាចបញ្ជាឱ្យវាយប្រហារអ៊ីរ៉ង់ ប្រសិនបើការចរចានុយក្លេអ៊ែរអាមេរិក-អ៊ីរ៉ង់ ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ នេះ មិនអាចឈានដល់កិច្ចព្រមព្រៀងទេនោះ។

លោក Trump បានចាប់ផ្តើមលើកហេតុផលសម្រាប់លទ្ធភាពនៃប្រតិបត្តិការរបស់អាមេរិក នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកកាលពីថ្ងៃអង្គារ ដោយនិយាយប្រាប់សភាអាមេរិកថា លោកនឹងមិនអនុញ្ញាតឱ្យសាធារណរដ្ឋអ៊ិស្លាមមួយនេះ ដែលលោកហៅថាជាអ្នកឧបត្ថម្ភភេរវកម្មធំបំផុតក្នុងពិភពលោក មានអាវុធនុយក្លេអ៊ែរបានជាដាច់ខាត។ អ៊ីរ៉ង់ បដិសេធថា ខ្លួនមិនចង់បានឃ្លាំងអាវុធនុយក្លេអ៊ែរអ្វីទេ។
អង្គភាពចារកម្មសម្ងាត់ CIA បានបង្ហោះសារជាភាសាហ្វាស៊ី ពោលគឺជាភាសារបស់អ៊ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះ លើគណនីសង្គមនានាដូចជា បណ្ដាញសង្គម X បណ្ដាញ Instagram បណ្ដាញ Facebook កម្មវិធី Telegram និង YouTube របស់ខ្លួន។ ទីភ្នាក់ងារនេះជំរុញឱ្យជនជាតិអ៊ីរ៉ង់ដែលចង់ទាក់ទងជាមួយពួកគេ «ចាត់វិធានការសមស្រប» ដើម្បីការពារខ្លួន មុនពេលធ្វើដូច្នេះ និងជៀសវាងការប្រើប្រាស់កុំព្យូទ័រការងារ ឬទូរស័ព្ទរបស់ពួកគេ។
សារនោះបន្តថា «បើអាចទៅរួច សូមប្រើឧបករណ៍ថ្មីដែលអាចចោលបាន» និង «ត្រូវប្រុងប្រយ័ត្នចំពោះមជ្ឈដ្ឋានជុំវិញខ្លួន និងអ្នកដែលអាចមើលឃើញអេក្រង់ ឬសកម្មភាពរបស់អ្នក»។ សារនេះបន្ថែមទៀតថា អ្នកដែលទាក់ទងនឹងភ្នាក់ងារ CIA ត្រូវផ្តល់ទីតាំង ឈ្មោះ មុខតំណែង និង «សិទ្ធិចូលប្រើប្រាស់ព័ត៌មាន ឬមុខជំនាញដែល CIA ចាប់អារម្មណ៍»៕
